លោកជំទាវ ចម និម្មល៖ រដ្ឋាភិបាលចាត់ទុកកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងជាវិស័យអាទិភាព

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជាវិស័យអាទិភាព តាមរយៈការបញ្ចូលការងារនេះ ទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១។

លោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត» នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

នាឱកាសនេះដែរ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និង​សមាជិក សមាជិកា នៃ គ.ជ.ក.ប. និង គ.ប.ក. លោក Koen Everaert (ឃួន អេវីរ៉ាត) លេខាទី១-អនុប្រធានផ្នែកសហប្រតិបត្តិការ ប្រតិភូនៃសហភាព អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Frank Jattke ប្រធានក្រុមការងារអនុវត្តគម្រោង GIZ-ASEAN ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិស្ស-និស្សិតជាច្រើនរូប។

តាមដានជាមួយយើង៖ Million Times

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ពិសេសអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ ជនមានពិការភាព ក្នុងការជំរុញ និងពង្រឹងអំណាចរបស់អ្នកប្រើប្រាស់ (Consumer Empowerment) តាមរយៈការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន (Inclusive Business Practices) ដែលនឹងប្រើប្រាស់សិក្ខាសាលានេះជាវេទិកាសាធារណៈ ផ្តល់កិច្ចសន្ទនា (Public Private Dialogue) រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកប្រើប្រាស់ ព្រមទាំងបញ្ជ្រាបខ្លឹមសារចូលរួមអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផល មានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត» ដែលត្រូវបានរៀបចំនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរដល់គ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហភាពអឺរ៉ុប ប្រទេសអាល្លឺម៉ង ចក្រភពអង់គ្លេស និងអូស្រ្តាលី ដែលតែងតែផ្តល់ការគាំទ្រតាមរយៈគម្រោង PROTECT II, EU-German GATE លើការជំរុញការអភិវឌ្ឍក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រលើផ្នែកបច្ចេកទេស ការកសាងសមត្ថភាពស្ថាប័ន និងការពង្រឹងសមត្ថភាពមន្ត្រី ផងដែរ។

លោកជំទាវរដ្ឋមន្រ្តី មានប្រសាសន៍ថា ៖«កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាវិស័យអាទិភាព តាមរយៈការបញ្ចូលការងារនេះ ទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបានកំណត់នូវសូចនាករសមិទ្ធកម្មគន្លឹះទី៣៤ (KPI34) «ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការ អនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្ដិពាក់ព័ន្ធ» ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្រសួងពាណិជ្ជកម្មទទួលបន្ទុកអនុវត្ត ហើយនៅក្នុងរបៀបវារៈនៃការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងកម្រឹតទ្វេភាគី តំបន់ និងអន្តរជាតិ គឺតែងបញ្ចូលជំពូកនៃកិច្ចការការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រែង កំណត់ជាកិច្ចការចម្បង ដែលត្រូវយកចិត្តទុកដាក់ ទៀតផង»។

លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយនៃការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់ រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍក្របខណ្ឌកិច្ចការពារអ្នកប្រើប្រាស់ប្រកបដោយបរិយាបន្នពីគ្រប់ភាគីពាក់ព័ន្ធ ដែលមិនត្រឹមតែជួយដល់មន្ត្រីអនុវត្តច្បាប់ និងបញ្ញត្តិករមានសមត្ថកិច្ច ស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យអាជីវកម្មនានា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អាចចែករំលែកនូវការអនុវត្តល្អកន្លងមក ពាក់ព័ន្ធនឹងគោលការណ៍អនុវត្តផ្ទៃក្នុងរបស់ធុរកិច្ច ចំពោះ (១.) ការគិតគូរអំពីយន្តការការពារសិទ្ធិអ្នកប្រើប្រាស់ ប្រកបដោយយុត្តិធម៌និងតម្លាភាព (២.) ការយកចិត្តទុកដាក់ដល់ក្រុមអ្នកប្រើប្រាស់ជាជនងាយរងគ្រោះ (Vulnerable Consumers) និង (៣.) ការផ្តល់និងពង្រឹងអំណាចរបស់អ្នកប្រើប្រាស់ (Consumer Empowerment)។ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន នឹងធានាថា គ្រប់តួអង្គទាំងអស់ នៅក្នុងទីផ្សាររួមទាំងទីផ្សារឌីជីថល ទទួលបាននូវការការពារ និងអត្ថប្រយោជន៍ស្មើៗគ្នា។

ដើម្បីជំរុញឱ្យប្រព័ន្ធកិច្ចការពារអ្នកប្រើប្រាស់ ឱ្យឈានដល់ការអភិវឌ្ឍមួយកម្រិតទៀត តាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការចូលរួមអនុវត្តរួមគ្នាប្រកបដោយការយល់គ្នាទៅវិញទៅមក លោកជំទាវរដ្ឋមន្រ្តី បានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ បន្តពង្រឹងសមត្ថភាព និងអនុវត្តតួនាទីដោយឈរលើគោលការណ៍ច្បាប់ និងវិជ្ជាជីវៈ ដើម្បីក្លាយជាបង្អែកដ៏កក់ក្តៅជូនដល់អ្នកប្រើប្រាស់ និងជួយគាំពារ លើកស្ទួយដល់ធុរកិច្ចដែលមានអនុលោមភាពឱ្យកាន់តែមានភាពរីកចម្រើន ជាពិសេសប្រតិបត្តិករធុរកិច្ច ត្រូវបន្តអនុវត្តធុរកិច្ចប្រកបដោយសុចរិតភាព និងបរិយាបន្ន គោរពតាមខ្លឹមសារនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងមានការគិតគូរពីអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ នឹងនាំមកនូវវិបុលភាពយូរអង្វែងដល់អាជីវកម្មរបស់ខ្លួន។ ដោយឡែកចំពោះអ្នកប្រើប្រាស់វិញ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យបន្តស្វែងយល់និងចេះប្រើសិទ្ធិរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់ តាមរយៈការចូលរួមរាយការណ៍ និងការទាមទារសិទ្ធិដោយសន្តិវិធី គឺជាការចូលរួមចំណែកកសាងសង្គមជាតិ។

សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញរបស់យុវជនស្តីពីការយល់ដឹងអំពីសិទ្ធិអ្នកប្រើប្រាស់វេទិកាចែករំលែកបទពិសោធន៍ និងវេទិកាពិភាក្សាក្រោមប្រធានបទ៖ ភាពជាដៃគូសម្រាប់ទីផ្សារប្រកបដោយស្មើភាព ដើម្បីលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់ ជាពិសេសពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋាន ក.ប.ប. និង សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរមតិនិងការផ្តល់ប្រឹក្សាផ្នែកច្បាប់ ការចូលរួមព្រឹត្តិការណ៍នានា និងជំនួយបច្ចេកទេសនានា ដល់អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងក្របខណ្ឌនៃកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ផងដែរ៕

អត្ថបទ៖ ប៊ី