គម្រោងស្តុកថាមពលអាគុយ (BESS) ធំបំផុតនៅកម្ពុជា បើកដំណើរការជាផ្លូវការ

ក្រុមហ៊ុន SchneiTec បានប្រកាសដាក់ដំណើរការជាផ្លូវការនៅគម្រោងស្តុកថាមពលអាគុយ (BESS) ដែលមានសមត្ថភាពផ្ទុកសរុប ១០០០ មេហ្កាវ៉ាត់ម៉ោង ដំបូងនិងធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន បានឱ្យដឹថា ក្នុងការចែករំលែកសមទ្ធិផលដ៏សំខាន់ និងជាប្រវត្តិសាស្រ្តមួយក្នុងវិស័យថាមពលរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានដាក់ដំណើរការជាផ្លូវការនៅគម្រោងស្តុកថាមពលអាគុយ (BESS) ដែលមានសមត្ថភាពផ្ទុកសរុប ១០០០ មេហ្កាវ៉ាត់ម៉ោង ដំបូងនិងធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅស្រុកក្រគរ ខេត្តពោធិសាត់។

នេះមិនមែនគ្រាន់តែជាប្រព័ន្ធស្តុកថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការពង្រឹងស្ថិរភាពថាមពលជាតិ។

ក្រុមហ៊ុន បានឱ្យដឹងថា ៖«តាមរយៈការរួមបញ្ចូលប្រព័ន្ធ BESS ខ្នាតធំនេះ ចូលទៅក្នុងបណ្ដាញអគ្គិសនីជាតិ យើងបានពង្រឹងភាពជឿជាក់នៃបណ្ដាញអគ្គិសនីដោយបានកាត់បន្ថយការរលត់ ឬការរអាក់រអួលនៃថាមពល និងធានាផ្គត់ផ្គង់អគ្គិសនីមានស្ថិរភាពសម្រាប់គ្រួសារ និងឧស្សាហកម្ម»។

មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះបើកផ្លូវសម្រាប់ថាមពលកកើតឡើងវិញតាមរយៈការផ្ទុកថាមពលដែលផលិតលើសពីថាមពលសូឡា និងថាមពលខ្យល់ពេលថ្ងៃ ដើម្បីអាចប្រើប្រាស់នៅពេលយប់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈបុរាណ។ លើសពីនេះទៅទៀត គម្រោងនេះបានជួយដាក់កម្ពុជាឲ្យក្លាយជាប្រទេសមួយក្នុងតំបន់អាស៊ានដែលអនុវត្តបច្ចេកវិទ្យាលំនឹងបណ្តាញ (Grid-Forming) ឈានមុខគេ។

នៅពេលដែលកម្ពុជាកំពុងដើរឆ្ពោះទៅគោលដៅ ៧០% ថាមពលស្អាតនៅឆ្នាំ ២០៣០ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះគឺជាគ្រោងឆ្អឹងសម្រាប់ការជួយសំរេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរប្រភពថាមពលទៅរកថាមពលបៃតង៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times