គម្រោងវិនិយោគ ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦ លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត និងអាចបង្កើត ការងារសរុបប្រមាណ ២៤ ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២ នេះ មាន ១៨ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៩ គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស ៩ គម្រោង) និងគម្រោង ២៤ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឲ្យដឹងថា គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ ឆ្នាំ ២០២៦នេះ មានជាអាទិ៍គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, ផលិតកេសកាតុង និងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្ដារបន្ទះ, ផលិតចំណៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិត និងផ្ដុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡា និងគ្រឿងបង្គំបរិក្ខារអគ្គិសនី៕



អត្ថបទ៖ ឆដា,រូបភាព៖ គណៈកម្មាធិការវិនិយោគកម្ពុជា


