លោក​ ចាន់ សុផល៖ អ្នក​ប្រើ​ប្រេងសាំង​អាច​បន្ថយ​ ឬ​ផ្អាក​បាន​ ​ប៉ុន្ដែ​អ្នក​ប្រើ​ម៉ាស៊ូត​ពិបាក​កាត់​បន្ថយ

លោក​ ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច បានលើកឡើងនៅលើបណ្ដាញសង្គមថា អ្នក​ប្រើ​ប្រេងសាំង​ អាច​បន្ថយ​ ឬ​ផ្អាក​បាន​ ក៏​ប៉ុន្ដែ​អ្នក​ប្រើ​ម៉ាស៊ូត​ពិបាក​កាត់​បន្ថយ​។ លោកថា បច្ចុប្បន្ន​ អ្នក​ត្រូវ​ការ​ទិញ​ប្រេង​ម៉ាស៊ូត ​ដើម្បី​បូម​ទឹក​មួយ​ចំនួន​ ឬ​ចាក់​គ្រឿង​ចក្រ​ជួប​ការ​លំបាក​មួយ​កម្រិត​ទៀត​ ដោយសារកន្លែង​ខ្លះ​គេ​មិន​លក់​ដាក់​កាន​ជ័រ​។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលបច្ចុប្បន្នប្រេងម៉ាស៊ូតត្រូវក្នុងតម្លៃ ៦ ០៥០រៀល/លីត្រ រីឯប្រេងសាំងធម្មតាត្រូវលក់៥ ២០០រៀល/លីត្រ ដែលប្រែប្រួលទៅតាមទីផ្សារអន្តរជាតិ។

លោក​ ចាន់ សុផល បានលើកឡើងថា ហេតុ​អ្វី​បាន​ជា​ប្រេង​ម៉ាស៊ូត​ថ្លៃ​ជាង​សាំង​ក្នុង​ពេល​មានវិបត្តិ? ហេតុ​អ្វី​បាន​ជា​ថ្លៃ​ម៉ាស៊ូត​នាំចូល​មក​ខ្ពស់​ជាង​ថ្លៃ​សាំង? ចម្លើយ​គឺ​មក​ពី​តម្រូវ​ការ​ម៉ាស៊ូត​ពិបាក​កាត់​បន្ថយ​ ខណៈ​តម្រូវ​ការ​សាំងអាច​កាត់​បន្ថយ​បាន​ ដោយលោកថា បើ​ក្នុង​មុខ​វិទ្យា​សេដ្ឋកិច្ច​គេហៅ​ថា​ តម្រូវ​ការ​មិន​ងាយ​ប្រែប្រួល​តាម​ថ្លៃ​ ដោយសារ​ភាព​ចាំបាច់​នៃ​ទំនិញ​​ (demand inelasticity)។

អ្នកជំនាញរូបនេះ បានបន្ថែមថា គេ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឡាន​ទេសចរណ៍​បាន​។ គេ​អាច​ផ្អាក​ជិះ​ឡាន​មួយ​រយៈ​ដោយ​ជិះ​ម៉ូតូ​ ជិះ​កង់​ ឬ​ជិះ​ឡាន​ក្រុង​ ក៏​ប៉ុន្ដែ​ការ​បូម​ទឹក​ ភ្ជួរ​ដី​ ច្រូត​ស្រូវ​ ដឹក​ដំឡូង​ ដឹក​ស្វាយ​ ដឹក​ស្វាយ​ចន្ទី​ ដឹក​ស្រូវ​ ដឹក​អង្ករ​នាំ​ចេញ​ ដឹក​ក្រណាត់​ចូល​ ដឹក​សម្លៀក​បំពាក់​នាំ​ចេញ​ ដឹក​ប្រេង​ចែកចាយ​ ដឹក​សម្ភារៈ​សំណង់​ជាដើម សុទ្ធតែ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​ និង​បើ​កាត់​បន្ថយ​នាំ​ឱ្យ​មាន​ការ​ខាត​បង់​កាន់តែ​ច្រើន​​ ដូច្នេះ​ហើយ​ តម្រូវ​ការ​ម៉ាស៊ូត​មាន​ភាព​ចាំបាច់​ជាង​សាំង​ ដែល​នាំឱ្យ​ប្រទេស​ជា​ច្រើន​ដណ្ដើម​គ្នា​ទិញ​ម៉ាស៊ូត​។

​លោក​ ចាន់ សុផល បានលើកឡើងថា ថ្លៃ​ដឹក​ជញ្ជូន​កើន​ឡើង​ នាំឱ្យ​ថ្លៃ​ទំនិញ​ឧបភោគ​ បរិភោគ​ ​នឹង​កើន​ឡើង​ រីឯ​អ្នក​លក់​ទំនិញ​នាំចេញ ​នឹង​បាន​ចំណូល​តិចជាង​មុន​ ហើយបើ​ខ្វះ​ម៉ាស៊ូត​កាន់តែ​ពិបាក​ខ្លាំង​។

ត្រង់ចំណុចនេះ លោកបានផ្ដល់យោបល់ថា រដ្ឋាភិបាល ​គួរ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំង​ចំពោះ​ប្រេង​ម៉ាស៊ូត​ដែល​ជា​យុទ្ធសាស្ត្រ​នេះ និងគួរ​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​ទិញ​ឡាន​ដឹក​ទំនិញ ​ដោយ​ប្រើ​ឋាមពល​អគ្គិសនី​ឱ្យ​បានឆាប់​ជាទី​បំផុត​។ លោកថា បើ​ខ្វះ​ឋាមពល​អគ្គិសនី​ រដ្ឋាភិបាល ​គួរ​បង្កើត​គម្រោង​ ឬ​អនុញ្ញាត​ការ​ប្រើ​ប្រព័ន្ធ​សូឡា​ឱ្យ​បាន​ច្រើន​ រួម​ទាំង​ប្រព័ន្ធ​សូឡា​បូម​ទឹក​៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម