នៅព្រឹកនេះ ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីការលក់ប្រេងឥន្ធនៈត្រូវផ្ដល់អាទិភាពដល់សេវាសាធារណៈជាការចាំបាច់ និងកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិត កម្ម និងភស្តុភាកម្ម។ យោងតាមសេចក្ដីណែនាំស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ។

ក្នុងសេចក្ដីណែនាំស្ដីពីការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ នៅតាមបណ្ដាស្ថានីយ និងដេប៉ូរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃ ៩ ខែមីនា ឆ្នាំ ២០២៦ បានលើកឡើងថា ដើម្បីធានាបានតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ក្រសួងពាណិជ្ជកម្ម ដោយធ្វើការណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្ដាញចែកចាយរបស់ខ្លួន ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ។
ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ និងណែនាំឲ្យស្ថានីយ និងដេប៉ូ ផ្តល់អាទិភាពផ្គត់ផ្គង់ប្រេងឥន្ធនៈដល់រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាសាធារណៈ ជាដើម ព្រមទាំដល់ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម។


គួរបញ្ជាក់ផងដែរថា ជាង១ សប្ដាហ៍មកនេះ តម្លៃប្រេងនៅលើពិភពលោកបានហក់ឡើងថ្លៃ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ជាមួយអាមេរិក និងអ៊ីស្រាអែល។ តែនៅព្រឹកនេះតម្លៃប្រេងចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា សង្គ្រាមនៅអ៊ីរ៉ង់ជិតបញ្ចប់ហើយ៕
អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម


