លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការបើកដំណើរការជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាន់តែងាយស្រួល។

ការលើកឡើងនេះ ស្របពេលដែលស្ពាននេះ នឹងបើកជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក វ៉ាង វិនពីន បានសរសេរថា «ខ្ញុំទន្ទឹងរង់ចាំ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកដំណើរការជាផ្លូវការ ហើយចូលរួមចំណែកយ៉ាងវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល»។

ចំណែកឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%ហើយ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។

ឯកឧត្ដម បានបន្តថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិនប្រមាណជាង ១១៤លានដុល្លារ និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្ដម ផន រឹម


