ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី៤ ខែមីនា បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចះនៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទី្រ ឯ.ក។

កិច្ចប្រជុំដែលបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) គឺដើម្បីសម្របសម្រួលការអនុវត្តការងារសាងសង់ផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ម៉ែត្រ និងបណ្តោយផ្លូវប្រវែង ៨០ គ.ម ស្ថិតក្នុងខេត្តក្រចះ, និងការស្នើសុំការលើកទឹកចិត្ត និងការអនុគ្រោះនានា សម្រាប់ការអនុវត្តការងារសាងសង់ផ្លូវមួយខ្សែនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់អំពីសារសំខាន់នៃគម្រោងរបស់ក្រុមហ៊ុន ខេ.ភី ស៊ីមេន ដែលជាក្រុមហ៊ុនវិនិយោគចម្រុះវិស័យ ហើយមានឆន្ទៈចូលរួមយ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីគាំទ្រដល់សកម្មភាពវិនិយោគរបស់ខ្លួន, តួយ៉ាងកំពង់ផែពហុបំណង និងផ្លូវដឹកជញ្ជូនប្រវែង ៨០ គ.ម ដែលក្រុមហ៊ុនជាអ្នកទទួលបន្ទុកចំណាយ។

រាជរដ្ឋាភិបាល តាមរយៈក្រុមការងារ ក.វ.ឦសាន តែងតែបានផ្តល់ការសម្របសម្រួលជាអតិបរមាជូនក្រុមហ៊ុន ដើម្បីធានាថា ការសាងសង់ផ្លូវនេះអាចដំណើរការបានដោយរលូន ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន, ទន្ទឹមនេះ ក្រុមហ៊ុនត្រូវធានាអនុលោមភាពបច្ចេកទេសនៃការសាងសង់ និងការគ្រប់គ្រងផលប៉ះពាល់លើសង្គម និងបរិស្ថាន ដែលអាចកើតមានជាយថាហេតុ។
ក្នុងនោះដែរ, ក្រុមហ៊ុនត្រូវបំពេញនីតិវិធី និង បទដ្ឋានបច្ចេកទេស នៃការសាងសង់ផ្លូវ, ធានាសុពលភាពប្រើប្រាស់ បន្ទាប់ពីបញ្ចប់ការសាងសង់, ចូលរួមសហការថែទាំផ្លូវ និង ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកជាអតិបរមា ក្នុងការសាងសង់ផ្លូវ។
អង្គប្រជុំ បានគាំទ្រដល់ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះនានា សមស្របទៅតាមខ្លឹមសារ និង ស្មារតីនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។
ក្នុងនោះដែរ បានសម្តែងឆន្ទៈចូលរួមគាំទ្រ ចាប់ពីដំណាក់កាលសាងសង់ រហូតដល់ដំណាក់កាលប្រគល់-ទទួល, ការត្រួតពិនិត្យគុណភាពនៃការសាងសង់ និងផ្តល់ការសម្របសម្រួល ក៏ដូចជាដោះស្រាយបញ្ហារាំងស្ទះនានា ជូនដល់ក្រុមហ៊ុនក្នុងស្មារតី “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កើនទំនុកចិត្តវិនិយោគ និងនាំមកនូវផ្លែផ្កាជាក់ស្តែង តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលកើតចេញពីការវិនិយោគឯកជន ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជានៅក្នុងតំបន់ភូមិភាគឦសានទាំងមូល៕
អត្ថបទ៖ វីរៈ រូបភាព៖ ក.វ.ឦសាន


