ឧកញ៉ា ស្រី ចាន់ថន គ្រោងបើកស្ថានីយសាកថ្មរថយន្តអគ្គិសនី Avatar EV Cambodia គ្រប់គ្រងដោយ APP ទំនើប

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group កំពុងបោះជំហានវិនិយោគលើសេវាកម្មថ្មីមួយទៀត នោះគឺបើកស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន បន្ទាប់ពីលោកទើបតែបានបោះទុនវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង កាលពីពេលថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះពីសមាជិកថ្មីនៃមុខជំនួញរបស់ខ្លួន នោះគឺស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន (DC Fast Charge) ដែលមានឈ្មោះថា Avatar EV Cambodia ស្របពេលបច្ចុប្បន្នមានការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងច្រើននៅកម្ពុជា។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងបន្តថា ក្រុមហ៊ុនរបស់លោក កំពុងពង្រីកវិសាលភាពនៃការដាក់ដំណើរការ ស្ថានីយសាកថ្មរថយន្តអគ្គិសនីនេះនៅគ្រប់បណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការរថយន្តអគ្គិសនី ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។

ឧកញ៉ារូបនេះ ក៏បានបញ្ជាក់ថា ស្ថានីយសាកថ្មរថយន្ត Avatar EV Cambodia នឹងត្រូវគ្រប់គ្រងដោយកម្មវិធី​ ( APP) ទំនើប ដែលជាស្នាដៃកូនខ្មែរពិតៗ ហើយងាយស្រួលប្រើប្រាស់ ព្រមទាំងសេវាសាកថ្មក្នុងតម្លៃប្រកួតប្រជែងខ្ពស់បំផុតលើទីផ្សារ។

ជាមួយគ្នានេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសស្វែងរកដៃគូសហការអាជីវកម្ម ដែលជាម្ចាស់ទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ដើម្បីបង្កើតជាស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន Avatar EV Cambodia ​នេះផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឧកញ៉ា ស្រី ចាន់ថន