ផលិតកម្មកាហ្វេក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកប្រមាណ ១០%ប៉ុណ្ណោះ ដែលនេះជាឱកាសដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។

ឯកឧត្ដមអនុប្រធានទី២ ព្រឹទ្ធសភា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះទៅទស្សនកិច្ច នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេ នៅខេត្តមណ្ឌលគិរី។

នៅក្នុងឱកាសនោះ ឯកឧត្ដម បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបន្ថែមថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ ១០%ប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស ដែលនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។

ឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយ PIDA Coffee Farm ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ និងជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជដែលផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ។

បើតាមឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ ក្នុងន័យនេះ កាហ្វេ និងកាកាវ គួរត្រូវបានបញ្ចូលជាដំណាំយុទ្ធសាស្ត្របន្ថែម លើដំណាំដែលមានស្រាប់ដូចជា ចេក ស្វាយចន្ទី កៅស៊ូ និងដំឡូងមី៕
អត្ថបទ៖ វីរៈ រូបភាព៖ ព្រឹទ្ធសភា


