ដើមឆ្នាំ! អ្នកឧកញ៉ា ជាម ឃុនណាត បើកការដ្ឋានសាងសង់ឧទ្យាន The Mekong Park ៥ហិកតា និងបុកគ្រឹះប្លុកគេហដ្ឋានថ្មី

ទោះបីជាស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានភាពល្អប្រសើរឡើងវិញខ្លាំងក៏ដោយ ក៏អ្នកឧកញ៉ា ជាម ឃុនណាត ដែលស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន បានចាប់ផ្ដើមបើកដ្ឋានសាងសង់ឧទ្យាន The Mekong Park ក្នុងទំហំ ៥ហិកតា និងបុកគ្រឹះសាងសង់ប្លុកគេហដ្ឋានថ្មីក្នុងគម្រោង «មេគង្គ ស៊ីធី»។

តាមដានជាមួយយើង៖ Million Times

បើយោតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី មេគង្គ លែន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្ដា ព្រមទាំងគណៈគ្រប់គ្រង បុរី មេគង្គ លែន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប បានប្រារព្ធ «ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនៃឧទ្យាន The Mekong Park ៥ហិកតា និងសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មី» ក្នុងគម្រោង «មេគង្គ ស៊ីធី» ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ បុរី មេគង្គ លែន បានឱ្យដឹងបន្តថា ការសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មីនេះ មានជាប្រភេទវីឡាប្រណិតជាច្រើនប្រភេទ ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។

គួរឱ្យដឹងថា គម្រោង «មេគង្គ ស៊ីធី» មានទីតាំងភូមិសាស្រ្ដល្អបំផុតចម្ងាយ ១៥នាទី ពីស្ពានជ្រោយចង្វារ និងជាទីតាំងមានសក្ដានុពលខ្លាំង មានទន្លេអមសងខាង និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុក Mekong Land