ឧកញ៉ា ហេង វ៉ាន់ដា សហប្រធានក្រុមការងារ “ដ” តំណាងផ្នែកឯកជន បានចូលរួមជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារ “ដ” តំណាងផ្នែករដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ដ” “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ពាក់ព័ន្ធនឹងវិស័យអប់រំបណ្តុះបណ្តាល។ កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន៖ ១. រយៈពេលនៃការចេញអាជ្ញាប័ណ្ណសម្រាប់ការផ្លាស់ប្តូរទីតាំង, ២. បញ្ហាទាក់ទងនឹងការប្រឡង និងជ្រើសរើសនិសិត្សចូល និងបញ្ចប់ការសិក្សា, ៣. រយៈពេលនៃការបញ្ជាក់ភាពត្រឹមត្រូវលើសញ្ញាប័ត្រ, ៤. ការដោះស្រាយបញ្ហាប្រឈមរបស់ក្រុមការងារផ្នែកអប់រំផ្នែកឯកជន, ៥. បញ្ហានៃការចេញទម្រង់អាជ្ញាប័ណ្ណចំពោះថ្នាក់មតេយ្យ និងបឋម និងទី ៦. ការប្រើប្រាស់ហត្ថពលកម្មបរទេស។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា តាមរយៈយន្តការក្រុមការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) យន្តការនេះនៅតែជាយន្តការស្នូលក្នុងការជំរុញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងដោះស្រាយនូវបញ្ហាប្រឈមជូនធុរជន និងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងទៀតថា យន្តការនេះបានជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរៀបចំដំណើររួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ឱ្យមានភាពស៊ីចង្វាក់ និងមានភាពសុខដុមជាមួយគ្នា៕

អត្ថបត៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា


