អ្នកឧកញ៉ា សួរ វីរៈ ដែលកំពុងជោគជ័យលើការបម្រើសេវាកម្មផ្នែកដឹកជញ្ជូន និងផ្នែកទេសចរណ៍នោះ, កំពុងពង្រីកអាជីវកម្មរបស់ខ្លួន ចូលក្នុងឧស្សាហកម្មផលិតអាហារ ដោយមានមហិច្ឆតាចង់ផលិតជំនួសទំនិញនាំចូលសំខាន់ៗមួយចំនួន។

ដំណឹងនេះ ត្រូវបានអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប យកទៅជម្រាបជូនឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ការពិភាក្សា ផ្តោតលើការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ចូលក្នុងឧស្សាហកម្មផលិតអាហារជាទំនិញយុទ្ធសាស្ត្រ និងការបង្កើតបណ្តុំសហគ្រាសធុនតូច និងមធ្យម សំដៅពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក។
កាលពីពេលថ្មីៗនេះ វិរៈ ប៊ុនថាំ គ្រុប បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយទៀតឈ្មោះ វិរៈ ប៊ុនថាំ ហ្វូដ ដោយផ្តោតលើរអាជីវកម្មពីរផ្នែក គឺផ្នែកពាណិជ្ជកម្ម និងបណ្តុំសហគ្រាសធុនតូច និងមធ្យម។ ក្រុមហ៊ុនថ្មីនេះ មានផែនការផលិត និងចែកចាយផលិតផលម្ហូបអាហារមានគុណភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្គត់ផ្គង់ទីផ្សារ។

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «យើងចង់ផលិតជំនួសទំនិញនាំចូលសំខាន់ៗមួយចំនួន និងធ្វើឱ្យ វិរៈ ប៊ុនថាំ ហ្វូដ ក្លាយជាមជ្ឈមណ្ឌលសម្រាប់បណ្តុំសហគ្រាសផលិតអាហារក្នុងស្រុក»។
អ្នកឧកញ៉ារូបនេះ បានបន្ថែមថា តំបន់បណ្តុំសហគ្រាសរបស់ក្រុមហ៊ុន អាចផ្តល់គំរូអាជីវកម្ម បែបបណ្តាក់ទុករួមគ្នា ជាមួយការផ្តល់ហិរញ្ញប្បទានពីវិស័យធនាគារ មានហេដ្ឋារចនាសម្ព័ន្ធគាំទ្រស្រាប់ មានសេវាទីផ្សារ ប្រេនឌីង និងសេវាដឹកជញ្ជូនចម្រុះ ដើម្បីកាត់បន្ថយចំណាយ និងបង្កើនភាពប្រកួតប្រជែង។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការវិស័យឯកជនដែលរឹងមាំ និងមានសមត្ថភាពវិនិយោគលើទំនិញយុទ្ធសាស្ត្រ និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ្វូដ សហការជិតស្និទ្ធជាមួយអង្គភាពបច្ចេកទេសរបស់ក្រសួង ដើម្បីទទួលបានការគាំទ្រលើការរៀបចំរោងចក្រ ស្តង់ដា ការធ្វើតេស្តវិភាគ វិញ្ញាបនបត្របញ្ជាក់គុណភាព និងការចុះបញ្ជីផលិតផលជាដើម ដើម្បីកសាងទំនុកចិត្តអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា «អនុលោមភាពមិនគួរត្រូវបានចាក់ទុកថាជាបន្ទុកចំណាយរបស់អាជីវកម្មទេ ប៉ុន្តែជាការវិនិយោគ»។ ក្នុងនោះដែរ ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំផែនការវិនិយោគ សម្រាប់ទាំងបំពេញតម្រូវការទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ ដោយយកចិត្តទុកដាក់លើលក្ខខណ្ឌតម្រូវបរិស្ថាន-សង្គម-អភិបាលកិច្ច និងអនុវត្ត តាមស្តង់ដារអនាម័យ និងគុណភាពឱ្យបានត្រឹមត្រូវ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


