សហគមន៍កសិកម្មចំនួន២ គឺសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់ និង សហគមន៍កសិកម្មអភិរក្សពញាក្រែកតំបែរ ក្នុងខេត្តត្បូងឃ្មុំ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម (ទិញ-លក់) ម្រេចខ្មៅ ជាមួយសហគ្រាសសេកពីរ ចំនួន ៤៥តោន និងគិតជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម (ទិញ-លក់) ម្រេចខ្មៅនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍តម្រង់ទិសណែនាំដល់ភាគីទាំងពីរត្រូវមានភាពស្មោះត្រង់នឹងគ្នា ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌទាំងឡាយ ហើយបើមានបញ្ហាត្រង់ណា ត្រូវពិភាក្សាគ្នាដោះស្រាយភ្លាម។

លោកថា ចំពោះសហគមន៍កសិកម្ម ត្រូវដើរតួជាតួអង្គអ្នកផលិតផង និងជាអ្នកលក់ផង។ ដូច្នេះត្រូវធ្វើយ៉ាងពង្រឹងសមត្ថភាពផលិត ឱ្យបានផលិតផលដែលឆ្លើយតបតាមតម្រូវការរបស់អ្នកទិញ ទាំងគុណភាពនិងបរិមាណ។

ចំណែកភាគីអ្នកទិញ ក៏ត្រូវបន្តសហការជាមួយសហគមន៍កសិកម្មឱ្យបានជាប្រចាំ ដើម្បីតម្រង់ទិសផលិតកម្មឱ្យបានតាមការចង់បានរបស់ខ្លួន និងបន្តពង្រីកទំហំការទិញ និងជួយស្វែងរកដៃគូអ្នកទិញផ្សេងៗទៀត ព្រោះថា ម្រេចក្នុងខេត្តត្បូងឃ្មុំ ក្នុងមួយឆ្នាំលើសពី ៥,០០០តោនឯណោះ។

គួរឱ្យដឹងថា សហគមន៍កសិកម្មទាំង ២ខាងលើនេះ មានកសិករដាំម្រេចចូលរួមអនុវត្តកិច្ចសន្យាចំនួន ១១៨គ្រួសារ ដោយមានការគាំទ្រថវិកាពីអង្គការ CAPRED អូស្ត្រាលី៕

អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ


