វិនិយោគិនមកពីប្រទេសចិន មានបំណងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងភូមិសាស្រ្ដខេត្តតាកែវ ដោយអាចមានតម្រូវការទិញសំបកដបប្លាស្ទិកមួយខែប្រមាណ ១៥តោន។

ការបង្ហាញបំណងយ៉ាងដូច្នេះ គឺក្នុងឱកាសដែលឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានទទួលជួបតំណាងក្រុមហ៊ុន MERIDIA RECYCLE ( CAMBODIA ) CO.,LTD។

នៅក្នុងជំនួបនេះ អភិបាលខេត្តតាកែវ បានស្វាគមន៍ការអញ្ជើញមកដល់របស់ក្រុមហ៊ុនខាងលើនេះ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិក ឱ្យទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយតាមគម្រោងនឹងមានទីតាំងស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្ដឹង នៅស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា ការបង្កើតរោងចក្រកែច្នៃសំបកដបប្លាស្ទិកនេះ ក្រៅតែពីបានជួយដល់បរិស្ថាន តែក៏នឹងជួយបង្កើតការងារកាន់តែច្រើនដល់ពលរដ្ឋរស់នៅខេត្តតាកែវ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កាន់តែប្រសើរឡើង។

ជាមួយគ្នានេះ អាជ្ញាធរខេត្តតាកែវ នឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគិនដែលចូលមកវិនិយោគបង្កើតរោងចក្រក្នុងខេត្តរបស់ខ្លួន។ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា «តាមរយៈក្រុមហ៊ុននេះ សំណល់ជាដបប្លាស្ទិកដែលបានប្រើប្រាស់រួច នឹងលែងមានសេសសល់នៅតាមទីសាធារណៈនានា ពាសវាលពាសកាលទៀត»។

បើតាមតំណាងក្រុមហ៊ុន MERIDIA RECYCLE ( CAMBODIA ) CO.,LTD បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ និងមានដៃគូសហការជាច្រើននៅប្រទេសចិនលើការកែច្នៃសំបកដបប្លាស្ទិក ជាមួយបច្ចេកវិទ្យាទំនើបៗ ជាពិសេសកែច្នៃសំណល់ប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
ក្នុងនោះដែរ តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់ខ្លួន ក៏នឹងមានតម្រូវការទិញសំបកដបប្លាស្ទិកក្នុងបរិមាណមួយខែចំនួន ១៥តោន នៅពេលដែលរោងចក្រដំណើរការជាផ្លូវការ៕
អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តតាកែវ


