រយៈពេល ៣ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៤ ១៥ ១៦ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញចេញជនបរទេសជាង ១ពាន់នាក់ ចេញពីប្រទេសកម្ពុជា ដោយពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ ជាដើម។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,០៨៩នាក់ (ស្រី ៥៧នាក់) មាន ១៤សញ្ជាតិ រួមមាន៖ ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់ ដោយត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាម បណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក។

ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងបន្តថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

វិធាននេះ គឺអនុវត្តគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការ ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
អត្ថបទ៖ វីរៈ រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


