ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ រៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូង ដោយដាក់តាំងផលិតផលជាច្រើនប្រភេទ

នាចុងសប្ដាហ៍នេះ ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូងរយៈពេល ៣ថ្ងៃ ដោយនឹងមានការដាក់តាំងផលិតផល​ជាច្រើនប្រភេទ ដែលមានការបញ្ចុះតម្លៃជាពិសេស។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ ដោយបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើដំណើររបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងកាត់បន្ថយពេលវេលាបានច្រើន។

ឯកឧត្ដម ផន រឹម បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយចាប់ផ្ដើមពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅតំបន់សេវាកម្មកំពង់សីលា គីឡូម៉ែត្រ១០៩ ទិសដៅភ្នំពេញក្រុងព្រះសីហនុ។

ពិពណ៌នេះ នឹងមានការដាក់តាំងផលិតផល ជាមួយនឹងការបញ្ចុះតម្លៃពិសេសរួមមាន៖ រថយន្ដ សំបកកង់រថយន្ដ ប្រេងឥន្ធនៈ ភេសជ្ជៈ ចំណីអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ អ្នកចូលរួមអាចលេងហ្គេមកម្សាន្តឈ្នះរង្វាន់លើកទឹកចិត្ត ហើយអាចជួបផ្ទាល់ជាមួយតារាល្បីៗប្រចាំកម្ពុជាផងដែរ។ នេះបើតាមការអ្នកនាំពាក្យក្រសួងសាធារណការ ដដែល។

ចំណែកទំព័រហ្វេសប៊ុកក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងដែរថា ពិព័រណ៍លើកដំបូងនេះ ធ្វើឡើងក្រោមប្រធានបទ “ធ្វើដំណើរដោយរលូន និងប្រកបដោយភាពកក់ក្តៅនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិន តាមរយៈផ្លូវល្បឿនលឿន”។

ពិព័រណ៍ពាណិជ្ជកម្មនេះ មានគោលបំណងបង្ហាញអំពីផលិតផលជាតិ និងអន្ដរជាតិ ដែលមានគុណភាពខ្ពស់ និងការផ្តល់ជូនពិសេសៗ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ស្តង់ពិព័រណ៍មានប្រវែងប្រមាណ ១០០ម៉ែត្រ ដែលមានដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរូមមាន៖ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងបន្លាស់រថយន្ត សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូន សណ្ឋាគារ គ្រឿងសម្អាង និងវត្ថុអនុស្សាវរីយ៍ច្នៃប្រឌិតបែបវប្បធម៌ ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ទីតាំងពិព័រណ៍មានរៀបចំកន្លែងសម្រាប់ថតរូបអនុស្សាវរីយ៍ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ព្រមទាំងមានទីតាំងសម្រាក ទីតាំងទទួលទានអាហារ និងភេសជ្ជៈសម្រាប់សាធារណ​ជនផងដែរ។ អ្វីដែលកាន់តែពិសេស ក្រុមហ៊ុនក៏បានរៀបចំការលេងហ្គេមកម្សាន្ត និងចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ជាច្រើន៕

អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្ដម ផន រឹម