មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក បានលើកឡើងថា ការសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺដើម្បីបម្រើឧត្តមប្រយោជន៍ពហុបំណង។

ការលើកឡើងនេះ ស្របពេលដែលឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកុម្ភៈ បានដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាក្រសួង និងមន្ត្រីជំនាញនៃមន្ទីរ ចុះពិនិត្យវឌ្ឍនភាពការងារ នៅការដ្ឋានសាងសង់សំណង់ខាងលើនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា សំណង់ទំនប់ស្ទាក់ទឹកនេះ គឺជាសមិទ្ធផលយុទ្ធសាស្ត្រដ៏ធំធេង និងទំនើបមួយក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងក្រោមការគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាល។

ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា ការសាងសង់សំណង់ទំនប់ស្ទាក់ទឹកនេះ គឺដើម្បីបម្រើជាឧត្តមប្រយោជន៍ពហុបំណង រួមមាន៖ ការស្ទាក់ និងស្តុកទឹកសម្រាប់ធានាសន្តិសុខទឹកក្នុងតំបន់ បម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកជុំវិញឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងស្តង់ដាវិស្វកម្មឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានាបាននូវគុណភាពសំណង់ និងភាពរឹងមាំយូរអង្វែង។

បន្ថែមលើនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើការគិតគូរជាចម្បងដល់សុវត្ថិភាពការងារនៅក្នុងការដ្ឋាន និងត្រូវខិតខំកាត់បន្ថយរាល់ផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានជុំវិញឱ្យបានជាអតិបរមា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក


