ក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួន កំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford។

ការបញ្ជាក់នេះ ខណៈដែលឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន RMA Cambodia ដឹកនាំដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១៣ ខែកុម្ភៈ។

ជំនួបនេះ គឺដើម្បីពិភាក្សាកិច្ចសហការគាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក។ ជំនួបនេះ ក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងស្តង់ដាសុវត្ថិភាពយានយន្ត ស្របតាមគោលនយោបាយជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិយោគរយៈពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ហើយក្នុងនោះក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារកម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់ក្រុមហ៊ុន RMA។

ចំណែកលោក ងន សាំង បានថ្លែងអំណរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ស្តង់ដារយានយន្តនៅកម្ពុជា។

លោកថា ចាប់តាំងពីឆ្នាំ ២០២២មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ពីផ្ទៃដី ៥ហិកតា ទៅ ១២ហិកតា។ លោកបានបន្ថែមថា RMA Cambodia កំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។

គួរឱ្យដឹងថា ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មានប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុននេះ មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


