សមាគមស្វាយចន្ទីកម្ពុជា ជួបពិភាក្សាជាមួយសមាគមស្វាយ​ចន្ទីវៀតណាម ដើម្បីពង្រីកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីឆៅ

សមាគមស្វាយចន្ទីកម្ពុជា (សសក) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមស្វាយ​ចន្ទីវៀតណាម (Vinacas) ដឹកនាំដោយលោក Bach Khanh Nhut អនុប្រធានសមាគម នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិ​បត្តិការទ្វេភាគីដ៏រឹងមាំ ក្នុងពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីឆៅ  ដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖ Million Times

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ បានផ្ដោតសំខាន់លើការពង្រីកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីឆៅ ដែលបានក្លាយជាសមាសធាតុដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងកម្ពុជា និងវៀតណាម។

នៅក្នុងឱកាសនោះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកោតសរសើរចំពោះកំណើន នៃពាណិជ្ជកម្មស្វាយចន្ទីរវាងប្រទេសទាំងពីរ ដោយកត់សម្គាល់ថា ការនាំចេញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមទិន្នន័យក្រៅផ្លូវការពីសសក កម្ពុជារកចំណូលបានជាង ១,៥ ពាន់លានដុល្លារអាមេរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងឆ្នាំ២០២៥ ដោយបានដឹកជញ្ជូនផលិតផលជាងមួយលានតោនទៅកាន់ទីផ្សារអន្តរជាតិ។

យ៉ាងណាក៏ដោយលោក ស៊ីឡុត បានលើកឡើងពីកង្វល់អំពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុលើផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៦។ ប៉ុន្តែលោកបានព្យាករណ៍ថា ការប្រមូលផលនាពេលខាងមុខរបស់កម្ពុជានឹងស្ថិតចន្លោះពី ៨០០,០០០ ទៅ ១ លានតោន ហើយបានផ្តល់ការជឿជាក់ដល់គណៈប្រតិភូវៀតណាមថា នឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ឧស្សាហកម្មកែច្នៃរបស់វៀតណាម។

លោកប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា៖ «Vinacas មិនគួរព្រួយបារម្ភអំពីប្រភពគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជានោះទេ»។

ចំណែគលោក Bach Khanh Nhut បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង សសក និង Vinacas ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឆ្នាំ២០២៣ បានបញ្ជប់ទៅវិញក្នុងឆ្នាំ ២០២៥។ លោកបានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះបានជួយជំរុញពាណិជ្ជកម្មសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

ឧស្សាហកម្មកែច្នៃស្វាយចន្ទីរបស់វៀតណាមត្រូវការគ្រាប់ស្វាយចន្ទីឆៅច្រើនជាង ៣ លានតោនជារៀងរាល់ឆ្នាំ ដែលក្នុងនោះកម្ពុជាផ្គត់ផ្គង់ប្រមាណមួយភាគបី (ប្រហែល ១ លានតោន) នៃតម្រូវការនោះ។ លោក Nhut បានចាត់ទុកកម្ពុជាថា ជាដៃគូដ៏គួរឱ្យទុកចិត្តដែលអាចផ្តល់គ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រដល់វិស័យកែច្នៃរបស់វៀតណាម។

ចំណែកលោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក បានប្តេជ្ញាចិត្តក្នុងការផ្គូផ្គងអ្នកប្រមូលទិញដែលគួរឱ្យទុកចិត្ត ជាមួយក្រុមហ៊ុនវៀតណាម ដើម្បីធានាបាននូវគុណភាព និងការផ្គត់ផ្គង់ដែលនឹងនរ។

បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូ Vinacas បានធ្វើដំណើរទៅទស្សនកិច្ចចម្ការស្វាយចន្ទីក្នុងខេត្តកំពង់ធំ កំពង់ចាម និងក្រចេះ ដើម្បីសង្កេតមើលការអនុវត្តផលិតកម្ម និងជួបជាមួយកសិករក្នុងស្រុក។ ដំណើរទស្សនកិច្ចនេះគឺជាឆ្នាំទីពីរជាប់ៗគ្នាដែល Vinacas បានរៀបចំកម្មវិធីសិក្សា នៅកម្ពុជា ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ និងធានាបាននូវវត្ថុធាតុដើមមានគុណភាពខ្ពស់ សម្រាប់រោងចក្រកែច្នៃនៅវៀតណាម៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគមស្វាយចន្ទីកម្ពុជា