ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានចាត់វិធានការច្បាប់ និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ដែលជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចាត់វិធានការបែបនេះ បន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុននេះ បានដុតកម្ទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាន នៅជុំវិញ។

ក្នុងនោះដែរ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្តបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពី ការត្រួតពិនិត្យការបំពុលខ្យល់។

បើតាមក្រសួងបរិស្ថាន ក្រុមហ៊ុន ត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ លើសពីនេះ ក្រុមហ៊ុន ក៏ត្រូវរៀបចំបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។
កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយរបស់ក្រុមហ៊ុនខាងលើ។

ក្រុមការងារ បានរកឃើញនៅក្រៅបរិវេណរោថចក្រ បំពង់ផ្សែងឡចំហាយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀមនៅទេ។ ដោយឡែកនៅក្នុងបរិវេណរោងចក្រ ក្រុមការងារបានរកឃើញ មានឡចំហាយ ១គ្រឿង កម្លាំង ១៥០០គ.ក្រ/ម៉ោង ដែលើប្រើប្រាស់អុសដុត ២ម៉ែត្រគូប/ថ្ងៃ និងកម្ទេចក្រណាត់ជាមធ្យម ៥គ.ក្រ/ថ្ងៃ។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានយកឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ជាលទ្ឋផលឃើញថា ៖ CO = 4281ppm, ការបញ្ចេញសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ មានលើសស្តង់ដា បើប្រៀបធៀបទៅនឹងស្តង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO = 1000ppm។
លើសពីនេះទៀត បើតាមក្រសួងបរិស្ថាន គឺក្រុមហ៊ុនបានដំណើរផលិត ដោយមិនបានបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយ គ្មានកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម និងគ្មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យបរិស្ថាន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន


