ឧកញ៉ា កែវ មុំ ស្វែងរកឱកាសនាំចេញផលិតផល លីលី ហ៊្វូដ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ៊្វូដ កំពុងស្វែងរកឱកាសនាំចេញផលិតផលជាច្រើនប្រភេទរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង។  

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា កែវ មុំ នៅថ្ងៃទី៣ ខែកុម្ភៈនេះ បានជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅ​ឯស្ថានទូតកម្ពុជានាទីក្រុងសេអ៊ូល។

ក្នុងឱកាសនោះ ឧកញ៉ា កែវ មុំ បានលើកឡើងថា គោលបំណងនៃការធ្វើទស្សនកិច្ចមកកូរ៉េលើកនេះ គឺពិនិត្យរោងចក្រវេចខ្ចប់ផ្លាស្ទិចរបស់កូរ៉េ ដែលខាងស្ថានទូតបានជួយភ្ជាប់ទំនាក់ទំនងកាលពីចុងឆ្នាំ២០២៥ កន្លងទៅនេះ។

ម្ចាស់ក្រុមហ៊ុន លីលី ហ៊្វូដ រូបនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងសមត្ថភាពផលិតរបស់ក្រុមហ៊ុនវេចខ្ចប់របស់កូរ៉េនេះ ហើយចង់សហការជាមួយក្រុមហ៊ុន ដើម្បីបង្កើនសោភ័ណភាព និងស្តង់ដារនៃការវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុននំស្រួយលីលី។

បន្ថែមពីនេះទៀត ខាងក្រុមហ៊ុន ក៏ចង់ស្វែងរកឱកាសទីផ្សារថ្មី ដើម្បីនាំចេញផលិតផលជាច្រើនប្រភេទរបស់ក្រុមហ៊ុននំស្រួយលីលី ទៅកាន់ផ្សារកូរ៉េខាងត្បូង ផងដែរ។

ចំណែកឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឧកញ៉ា កែវ មុំ មកកូរ៉េលើកនេះ នឹងទទួលបានជោគជ័យ ព្រមទាំងអាចនាំយកបទពិសោធន៍ល្អៗ ចែករំលែកទៅកាន់ផលិតករដទៃទៀតនៅកម្ពុជា។

នៅក្នុងឱកាសនៃជំនួបនេះដែរ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាព និងបញ្ហាប្រឈមនៃការផលិត និងការនាំចេញផលិតផលកម្ពុជាចូលទីផ្សារបរទេស ពិសេសទីផ្សារកូរ៉េ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ហ្វេសប៊ុកឧកញ៉ា កែវ មុំ