សណ្ឋាគារលំដាប់ផ្កាយ៤ និងមជ្ឈមណ្ឌលកម្សាន្តតម្លៃជិត ៥លានដុល្លារ ត្រៀមបើកការដ្ឋានសាងសង់នៅខេត្តតាកែវ

សណ្ឋាគារលំដាប់ផ្កាយ៤ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក» ដោយមានទុនវិនិយោគជិត ៥លានដុល្លារ ត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការ នាចុងសប្ដាហ៍នេះ នៅក្រុងដូនកែវ ខេត្តតាកែវ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នៅថ្ងៃទី៣ ខែកុម្ភៈនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ១០២បន្ទប់ និងមជ្ឈមណ្ឌលកម្សាន្ត ដែលរួមមានការជិះម៉ូតូទឹក និងជិះទូក ជាដើម។

គម្រោងនេះ មានទុនវិនិយោគចំនួន ៤,៩៧០,០០០ដុល្លារ ហើយនិងសាងសង់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលនឹងក្លាយជាគម្រោងទេសចរណ៍ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។

គេហទំព័ររបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តតាកែវ ដូចជា៖ ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ឋាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានគាំទ្រ និងស្វាគមន៍ចំពោះវត្តមានសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត «រីវើរគោកធ្លក» នេះ។

គម្រោងទាំងនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង នឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផងដែរ៕  

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តតាកែវ