គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់ ១០០%ហើយ រួមមាន៖ ការសាងសង់ក្លោងទ្វារឡើងភ្នំ កន្លែងដំណាក់ដំរី ការសាងសង់បន្ទប់ទឹកស្អាត កន្លែងចតឡាន ម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ រួមជាមួយហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម។

ចំណែកការសាងសង់ផ្លូវ ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ របស់ក្រសួងអភិវឌ្ឍន៍ជន បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ ឌែលបានសម្រួលការធ្វើដំណើរងាយស្រួលផងដែរ។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែកុម្ភៈនេះ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែមករា បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិនិត្យមើលសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ផ្លូវឡើងភ្នំ និងតំបន់នៅលើភ្នំខ្នងផ្សារ។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តំណាងអង្គការដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានរៀចំគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

ឯកឧត្តមបន្តថា ការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ហើយហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៅលំហែបៃតងនៅតាមសហគមន៍។
គួរឱ្យដឹងថា ការធ្វើដំណើរឡើងភ្នំខ្នងផ្សារដោយថ្មើជើង មានចំងាយជាង ៤គម និងចំណាយពេលប្រមាណ ៤ម៉ោង ទើបធ្វើដំណើរដល់កន្លែងបោះតង់ តំបន់លើខ្នងភ្នំ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន


