រោងចក្រផលិតត្រីខកំប៉ុង បែបឧស្សាហកម្មដំបូងគេនៅកម្ពុជា បោះមូលដ្ឋាននៅខេត្តកែប

រោងចក្រផលិតត្រីខកំប៉ុង បែបឧស្សាហកម្មដំបូងគេនៅក្នុងប្រទេសកម្ពុជា បានបោះមូលដ្ឋាននៅខេត្តកែប បន្ទាប់ពីទទួលបានការអនុម័តដោយស្ថាប័នជំនាញ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនដែលវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុងនេះ មានឈ្មោះថា សៃសាន់ អ៊ីនវេសម៉ិន ឯ.ក  (Saisons Investment Co., Ltd.) ដោយត្រូវបានអនុម័តជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ។

គម្រោងបង្កើតរោងចក្រផលិតត្រីខកំប៉ុងនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីជាមួយគម្រោងចំនួន ៨ផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ។

គម្រោងរោងចក្រផលិតត្រីខកំប៉ុង ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជានេះ មានទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រៅពីនេះ មានគម្រោងផលិតត្រីខកំប៉ុង សៃសាន់ អ៊ីនវេសម៉ិន ឯ.ក ក៏មានគម្រោងផលិតទឹកត្រី ផងដែរ។

ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន បានបញ្ជាក់ថា រោងចក្រផលិតត្រីខកំប៉ុងរបស់ខ្លួន ជារោងចក្រផលិតត្រីខកំប៉ុង បែបឧស្សាហកម្មពិតប្រាកដដំបូងគេបង្អស់របស់កម្ពុជា បង្កើតដោយកូនខ្មែរ។

ក្រុមហ៊ុនដដែល បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ខ្លួន មិនត្រឹមតែជំរុញការផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក្នុងខេត្តកែបបានប្រមាណ ២០០កន្លែងថែមទៀត។

ម្យ៉ាងទៀត ក្រុមហ៊ុនមួយនេះ ក៏បានចូលរួមចំណែកជួយដល់សហគមន៍នេសាទក្នុងខេត្តកែប និងខេត្តជិតខាង ឱ្យមានទីផ្សារកាន់តែប្រសើរជាងមុនផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន