ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី បានមានទំហំលើស ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥កន្លងទៅនេះ ហើយមន្ត្រីកម្ពុជាមានជំនឿថា ក្នុងឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង ថែមទៀត។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកពិព័រណ៍ «Sunway Medical City Expo 2026» កាលពីថ្ងៃទី៣០ ខែមករា។

ឯកឧត្ដម សំហេង បូរ៉ា បានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងជាពិសេសលើវិស័យសុខាភិបាល រវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។

លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្មសេវាកម្ម សុខាភិបាល និងទេសចរណ៍ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ និងជាពិសេសបន្ថែមជម្រើសជូនដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាព និងមានតម្លៃសមរម្យ នៅក្រៅប្រទេស ជំនួសឱ្យប្រទេសជិតខាង ផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានឈានដល់លើស ១ពាន់លានដុល្លារ កើនឡើងប្រមាណ ២៥% បើធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្ដម សំហេង បូរ៉ា មានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយនវានុវត្តន៍ដូចជាព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ និងពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម (CTExpo) ដែលជាវេទិកាដ៏សំខាន់ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្ដម សំហេង បូរ៉ា


