BYD មានផែនការបង្កើនសមត្ថភាពផលិតកម្មដំឡើងរថយន្តនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការគាំទ្រ

ក្រុមហ៊ុន BYD មានផែនការបង្កើនសមត្ថភាពផលិតកម្មដំឡើងរថយន្តនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ BYD ដឹកនាំដោយលោក Liu Xueliang អគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី៣០ ខែមករានេះ។

តាមដានជាមួយយើង៖ Million Times

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អនុប្រធានទី១ ក.អ.ក. បានអបអរសាទរចំពោះវត្តមានរោងចក្រដំឡើងរថយន្តទំនើបថ្មីស្រឡាងរបស់ BYD នៅលើទឹកដីកម្ពុជា ដែលនេះគឺជាមោទនភាពថ្មីមួយសម្រាប់វិស័យឧស្សាហកម្មយានយន្តរបស់ជាតិ ហើយឯកឧត្ដម ក៏អរគុណដល់ក្រុមហ៊ុន BYD ដែលមានជំនឿចិត្តយ៉ាងមុតមាំលើសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល ដែលក្រុមហ៊ុនត្រូវការ ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត។

ចំណែកថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បានអំណរគុណចំពោះ ក.អ.ក. ដែលតែងតែនៅក្បែរ និងជួយសម្របសម្រួលគ្រប់ជំហាន ចាប់តាំងពីដំណាក់កាលសិក្សាគម្រោងរហូតដល់រោងចក្របានលេចចេញជារូបរាង។

ជាមួយគ្នានេះ ក្រុមហ៊ុន បានរាយការណ៍ពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារសំខាន់ៗ ពិសេសករណីដែល យានយន្តទី១ និងទី២ ដំឡើងផ្ទាល់នៅកម្ពុជា ត្រូវបានប្រគល់ជូនដល់ដៃអតិថិជនជាស្ថាពរ ដែលនេះជាសក្ខីភាពនៃការទទួលស្គាល់គុណភាពផលិតកម្មក្នុងស្រុក។ 

ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់ខ្លួន កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត (Car Center) ដែលអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្អែកលើតម្រូវការទីផ្សារដែលកើនឡើង ក្រុមហ៊ុនក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាជនកម្ពុជា។

ម្យ៉ាងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បាននិងកំពុងផ្សព្វផ្សាយពីភាពជោគជ័យ និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ដៃគូអាជីវកម្មក្នុងបណ្តាញសហគមន៍របស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនដទៃទៀតមកកាន់កម្ពុជាផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល