លោក Casey Barnett៖ ទីផ្សារអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំ និងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំ និងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយផ្តល់ចំណូលថេរជាបន្តបន្ទាប់ ទោះបីជាមានការឈ្លានពានរបស់ថៃលើកម្ពុជាក្នុងឆ្នាំ ២០២៥ ក៏ដោយ។ នេះជាការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា។

តាមដានជាមួយយើង៖ Million Times

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៩ ខែមករានេះ លោក Casey Barnett បានឱ្យដឹងថា នៅឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បានកើនឡើង ២៨% ដល់ ១២.៧ ពាន់លានដុល្លារ។ ការកើនឡើងដែលគួរឱ្យកត់សម្គាល់ រួមមាន៖ ការនាំចេញស្បែកជើង ដែលកើនឡើង ៥២% ដល់ ៨៦៩ លានដុល្លារ និងការនាំចេញសំបកកង់ ដែលកើនឡើង ៤៥% ដល់ ១.១ ពាន់លានដុល្លារ។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានបន្ថែមថា តាមលក្ខណៈរដូវកាល ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកជាទូទៅធ្លាក់ចុះនៅត្រីមាសទី៤ ព្រោះអ្នកលក់រាយអាមេរិកស្តុកសំលៀកបំពាក់ច្រើននៅត្រីមាសទី៣ ដើម្បីត្រៀមសម្រាប់រដូវត្រឡប់ទៅសាលារៀន និងរដូវលក់ពេលថ្ងៃបុណ្យចុងឆ្នាំ។

ជាមួយគ្នានេះ លោក Casey Barnett បានកត់សម្គាល់ថា អស់រយៈពេលជាង ២៦ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានជាប្រភពចំណូលដែលអាចពឹងផ្អែកបានសម្រាប់កម្ពុជា។

លោក ក៏បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរង់ចាំឲ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (reciprocal trade agreement) ដែលបានធ្វើឡើងនៅខែតុលា ឆ្នាំ ២០២៥៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក Casey Barnett