វិនិយោគិនកូរ៉េ កំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

វិនិយោគិនកូរ៉េខាងត្បូង កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះជាការលើកឡើងរបស់លោក Sungsoo Kim ប្រធានប្រតិភូសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KOCHAM) ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

ជំនួបនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។ ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ “កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ” ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។

ឯកឧត្តម បានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ម្យ៉ាងទៀត ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ឯកឧត្តម បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

ចំណែកលោក Sungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានឱ្យដឹងថា វិនិយោគិនកូរ៉េ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល