ផ្អាកបណ្ដោះអាសន្នអាជីវកម្មខ្សាច់ ១កន្លែង ដែលអាចបង្កហានិភ័យដល់ធនធានធម្មជាតិ

ទីតាំងអាជីវកម្មខ្សាច់ ១កន្លែង ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានក្រសួងបរិស្ថាន សម្រេចឱ្យផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែព្រួយបារម្ភថា អាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។

តាមដានជាមួយយើង៖ Million Times

ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៧ ខែមករានេះថា ទីតាំងអាជីវកម្មខ្សាច់បក ១កន្លែង ដែលបានដំណើរការដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថា អាចបង្កហានិភ័យដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។

ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឱ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្នចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មីរបស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឱ្យម្ចាស់អាជីវកម្មរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន កាលពីថ្ងៃទី២៥ ខែមករា បានចុះពិនិត្យទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន ត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថានឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យធ្វើអាជីវកម្មរ៉ែខ្សាច់។

យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងាររបស់ក្រសួងបរិស្ថាន បានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។

គួរឱ្យដឹងថា អាជីវកម្មខ្សាច់ខាងលើនេះ បានបើកដំណើរការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកកាយ និងបូមខ្សាច់ទៅចាក់គរទុក ដោយមានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ក្រសួងបរិស្ថាន