អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បរិយាកាសសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន គឺជាឱកាសដ៏សមស្របសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច។

ការលើកឡើងនេះ ស្របពេលដែលអ្នកឧកញ៉ា គិត ម៉េង បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចកាណាដា ដែលដឹកនាំដោយ លោក ម៉ូ ខេវិន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាថ្ងៃទី២៦ ខែមករានេះ។

នៅក្នុងជំនួបនេះ លោកប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ បាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចកាណាដា ចូលជួបពិភាក្សាការងារ។

លោក បានបញ្ជាក់ថា ការិយាល័យតំណាងតែងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងជំរុញក្រុមហ៊ុនកាណាដាមកស្វែងរកកាលានុវត្តភាពធុរកិច្ច និងដៃគូសហការនៅកម្ពុជា។ សម្រាប់ដំណើរបេសកកម្មនាពេលនេះ គឺផ្តោតសំខាន់លើវិស័យអចលនទ្រព្យ ធនាគារ និងការវិនិយោគ។

ក្នុងនោះ លោក ម៉ូ ខេវិន ក៏បានជម្រាបអំពីក្រុមហ៊ុន Brivia Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងជោគជ័យមួយនៅកាណាដា ដែលមានបំណងឈ្វេងយល់ពីទីផ្សារកម្ពុជា និងស្វែងរកកិច្ចសហការលើការវិនិយោគអចលនទ្រព្យរវាងកម្ពុជា កាណាដា និងសហរដ្ឋអាមេរិក។ បន្ថែមលើនេះ លោកថា ការិយាល័យតំណាងនឹងសហការជាមួយស្ថាប័នហិរញ្ញវត្ថុកាណាដា ដើម្បីជំរុញតំណភ្ជាប់ហិរញ្ញវត្ថុធនាគារប្រកបដោយសុវត្ថិភាព និងតម្លាភាព។
ចំណែក អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះចំណាប់អារម្មណ៍របស់វិនិយោគិនកាណាដា ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា បរិយាកាសសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន គឺជាកាលានុវត្តភាពដ៏សមស្របសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច។
ក្នុងន័យនេះ អ្នកឧកញ៉ា បានលើកឡើងថា ការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ពិសេសការជំរុញ ‘ការតភ្ជាប់ផ្នែកធនាគារ’ (Banking Connectivity) គឺជាកិច្ចការអាទិភាពដ៏សំខាន់ ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងពង្រឹងភាពជាដៃគូយូរអង្វែងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាចុងក្រោយ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ឱ្យបានស៊ីជម្រៅ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕
អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា


