ទឹកក្នុងបឹងយក្ខឡោម មានពណ៌កករដីល្អក់ខុសពីធម្មតា នោះគឺជាបាតុភូតកើតឡើងដោយធម្មជាតិ

មន្ទីរបរិស្ថានខេត្តរតនគិរី បានអះអាងថា ទឹកនៅក្នុងបឹងយក្ខឡោម មានពណ៌កករដីល្អក់ខុសពីធម្មតានោះ គឺជាបាតុភូតកើតឡើងដោយធម្មជាតិ។ ការអះអាងនេះ គឺបន្ទាប់ពីក្នុងរយៈពេល ២ ទៅ​ ៣ថ្ងៃកន្លងទៅនេះ ទឹកនៅក្នុងបឹងយក្ខឡោម ក្នុងខេត្តរតនគីរី មានពណ៌កករដីល្អក់ខុសពីធម្មតា។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តរនគីរី កាលពីថ្ងៃទី២៤ ខែមក ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិនៅទីនោះ បានចុះពិនិត្យផ្ទាល់លើទីតាំង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានភូមិសាស្រ្តបន្ថែមទៀត។

លទ្ធផល បានបង្ហាញថា នៅទីតាំងជុំវិញបឹងគ្មានការឈូសឆាយដី ការធ្វើចំការ ឬការដ្ឋានការងារ ដែលអាចជាប្រភពធ្វើឱ្យទឹកឡើងកករល្អក់នោះទេ។ ជាមួយគ្នានេះ ស្ថានភាពគុណភាពទឹកបឹង គឺមិនបង្កឱ្យត្រីពុល និងមិនបង្កបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទេ។

មន្ទីរបរិស្ថានខេត្តរតនគិរី បានបន្ថែមថា ករណីទឹកបឹងយក្ខឡោម ក្នុងក្រុងបានលុង ខេត្តរតនគីរី មានពណ៌ល្អក់ដូចកករដីក្នុងផ្នែកខ្លះនៃបឹង គឺជាបាតុភូតកើតឡើងដោយធម្មជាតិ មិនមែនទទួលរងពីប្រភពបំពុលអ្វីមួយនោះទេ។

យ៉ាងណាក៏ដោយ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានបន្តចាត់វិធានការយកសំណាកទឹក នៅតំបន់បឹងយក្ខឡោម មកពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានបន្ថែមទៀត ដើម្បីជំរុញសកម្មភាព«ភាពស្អាត» ការពារប្រភពទឹកសាធារណៈ និងជួយឱ្យទឹកស្អាត និងបរិស្ថានល្អនៅកម្ពុជា។

តាមការឱ្យដឹងពីអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បានកត់សម្គាល់ថា នៅពេលមានបាតុភូតធម្មជាតិ ឬគ្រោះមហន្តរាយ នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ ស្ថានភាពទឹកបឹងយក្ខឡោមឡើងពណ៌កករល្អក់បែបនេះ ជារឿយៗ៕

អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរបរិស្ថានខេត្តរតនគិរី