នាពេលឆាប់ៗខាងមុខនេះ អង្ករខ្មែររបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងមានលក់នៅប្រទេសកាណាដា។ នេះបើតាមឱ្យដឹងពីលោក គឹម ច័ន្ទភិរម្យ កុងស៊ុលកិត្តិយសប្រចាំទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

លោកកុងស៊ុលរូបនេះ បានឱ្យដឹងថា អង្ករខ្មែររបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងទៅដល់ប្រទេសកាណាដាក្នុងពេលឆាប់ៗនេះ ដោយលោកបានជួបពិភាក្សាជាមួយអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន Vireak Buntham International នៅទីរាជធានីភ្នំពេញ ទាក់ទងនឹងទីផ្សារ និងការនាំចេញអង្ករពីប្រទេសកម្ពុជាទៅកាន់ប្រទេសកាណាដា។

លោក គឹម ច័ន្ទភិរម្យ បានលើកសរសើរក្រុមហ៊ុន វិរៈ ប៊ុនថាំ ថាជាក្រុមហ៊ុនដំបូងបំផុតដែលហ៊ានទិញស្រូវពីកសិករចំនួន ៣០ ០០០តោន ក្នុងតម្លៃ ៩៥០រៀល ព្រោះចង់ជួយកសិករ ដោយលោកបន្ថែមថា ទិញអង្ករពីក្រុមហ៊ុន វិរៈ ប៊ុនថាំ ស្មើនឹងជួយទិញស្រូវដោយផ្ទាល់ពីប្រជាកសិករខ្មែរ។

ជាមួយគ្នានេះ លោកកុងស៊ុលកិត្តិយសប្រចាំទីក្រុងម៉ុងរ៉េអាល់រូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា ចូលរួមគាំទ្រផលិតផលខ្មែរពិតៗ ដែលនឹងទៅដល់ប្រទេសកាណាដាក្នុងពេលឆាប់ៗនេះ។

គួរឱ្យដឹងដែរថា បន្ទាប់ពីបានចូលរួមក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់សហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា តាមរយៈបេសកកម្មនេះ អ្នកឧកញ៉ា បានឈានដល់ការព្រមព្រៀងជាមួយដៃគូ ដោយគ្រោងនាំចេញអង្ករកម្ពុជាដើម្បីលក់សាកល្បងនៅតាមទីផ្សារក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។
ក្នុងនោះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានទទួលការព្រមព្រៀងឱ្យនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកចំនួន ១០កុងតឺន័រ និងប្រទេសកាណាដា នឹងសាកល្បងនាំចេញទៅចំនួន ១ទូកុងតឺន័រ៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក គឹម ច័ន្ទភិរម្យ


