បើទោះបីជាប្រទេសកម្ពុជា មិនដែលរកឃើញជំងឺនីប៉ាហ៍ (Nipah) កើតលើមនុស្សនៅឡើយក៏ដោយ ក៏ស្ថាប័នជំនាញរបស់កម្ពុជា កំពុងយកចិត្តទុកដាក់តាមដាន និងត្រៀមលក្ខណៈឆ្លើយតបជានិច្ច។ នេះបើយោងតាមការបង្ហោះឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

ជំងឺ Nipah នេះ បានឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ដោយបានឆ្លងអ្នកជំងឺចំនួន ៥នាក់ ហើយក្នុងនោះក៏មានគ្រូពេទ្យ ២នាក់ដែរ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់កម្ពុជា បានឱ្យដឹងថា ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡើងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន ហើយវីរុសនេះរីករាលដាលដោយផ្ទុកលើសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក។
ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ហើយ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី ៤០ ទៅ ៧០ភាគរយ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង ហើយកើតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះ ក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ ៣០០នាក់ ក្នុងនោះ ១០០នាក់បានស្លាប់។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងបន្តថា មនុស្សអាចឆ្លងមេរោគនីប៉ាហ៍ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ ហើយការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ។
ដើម្បីកាត់បន្ថយការឆ្លងមេរោគនេះ គឺតាមរយៈលាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ ទៅ ១៤ថ្ងៃ ដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ហើយក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់។ លើសពីនេះទៀត អ្នកដែលមានរោគសញ្ញាទាំងនេះ អាចសន្លប់ក្នុងរយៈពេល ២៤ ទៅដល់ ៤៨ម៉ោង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសកម្ពុជា មិនដែលរកឃើញជំងឺ នីប៉ាហ៍ កើតលើមនុស្សនៅឡើយទេ តែនាយកដ្ឋានកំពុងយកចិត្តទុកដាក់តាមដាន និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច៕
អត្ថបទ៖ វីរៈ រូបភាព៖ រូបភាព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង


