អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងដាក់ដំណើរការរោងចក្រ​ផលិត​ជី​ធម្មជាតិមួយថ្ងៃ ១០០តោន នៅដើមខែកក្កដាឆ្នាំនេះ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គ្រោងដាក់ដំណើរការសាកល្បងរោងចក្រ​កែច្នៃ​ផលិត​ជី​ធម្មជាតិ ដែលមានសមត្ថភាពផលិតបានប្រមាណ ១០០តោន ក្នុងមួយថ្ងៃ។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃទី២២ ខែមករា អ្នកឧកញ៉ា ម៉ុង ឫទ្ធី រួម​ដំណើរ​ជាមួយភាគី​ចិនដែល​ជាម្ចាស់ទំនិញ​ បានចុះមក​ពិនិត្យមើល​សកម្មភាព​ក្រុមការងារ​ប្រគល់​-ទទួល​សម្ភារៈ​គ្រឿងចក្រ​ឧបករណ៍​រោងចក្រចំនួន ១១ទូកុងតេន័រ ៤០ហ្វិត​ សម្រាប់យកមក​ដំឡើងទៅជា​រោងចក្រ​កែច្នៃ​ផលិត​ជី​ធម្មជាតិ នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ។

ក្នុងឱកាសនោះដែរ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី បានចុះពិនិត្យ និងជំរុញឱ្យក្រុមជាងសាងសង់រោងចក្រឱ្យបានលឿន ធ្វើយ៉ាងណាឱ្យរោងចក្រនេះបានដំឡើង និងដំណើរការសាកល្បងនៅដើមខែកក្កដាឆ្នាំ ២០២៦ខាងមុខនេះ តាមគម្រោងផែនការជាកំណត់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងបន្ថែមថា រោងចក្រ​កែច្នៃ​ផលិត​ជី​ធម្មជាតិនេះ​ បាននិងកំពុងសាងសង់លើផ្ទៃដី ៦៥,០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយមាន​សមត្ថភាពផលិត​បាន​ប្រមាណ​ ​​១០០តោនក្នុងមួយថ្ងៃ។

រោងចក្រ​នេះ បាន​ចាប់ផ្ដើម​សាងសង់​កាលពី​ដើមខែ​ធ្នូ ​ឆ្នាំ​២០២៥​ និងអាច​សាងសង់​រួចរាល់ ​និង​ចាប់ផ្ដើម​ដំណើរការសាកល្បង​នៅដើមខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ។ រោងចក្រនេះ អាចទទួលយកបុគ្គលិក-កម្មករ​ដោយផ្ទាល់ប្រមាណ​ជា​ជា ១០០នាក់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា ការខិតខំប្រឹង​ប្រែង​រកគ្រប់​មធ្យោបាយ​ ដើម្បី​សាង សង់​រោងចក្រ​ផលិត​ជីធម្មជាតិនេះឡើង​ គឺដើម្បី​ជួយ​ចូលរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ការនាំចូល​ជី​មកពី​បរទេស​ និងដើម្បី​ផលិតជី​ដែលមានគុណភាព​ខ្ពល់​តម្លៃ​សមរម្យ​៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា ម៉ុង ឫទ្ធី