កម្ពុជា បណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ដោយក្នុងនោះមានជនជាតិកូរ៉េ ខាងត្បូងចំនួន ៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេអនុវត្តនីតិវិធីបន្ត។ ការបណ្ដេញជនបរទេសទាំងនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ដែលជាការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមដានជាមួយយើង៖ Million Times

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នោះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី ១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េចំនួន ២៤៤នាក់ផងដែរ។

ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជនទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

គួរឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន ១ ៦២០នាក់ មាន ២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន  ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។

ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យចំនួន ៥ ១០៦នាក់ មាន ២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន ៤ ៥៣៤នាក់។

ជាមួយគ្នានេះ តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២នាក់ផងដែរ។

គួរឱ្យដឹងថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងព័ត៌មាន