ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយសាស្រ្តាចារ្យ Ricardo Hausmann ដើម្បីពិនិត្យលទ្ធភាពបង្កើត Growth Lab នៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ Ricardo Hausmann ស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌល Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើត Growth Lab នៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ជំនួបពិភាក្សានេះ បានធ្វើឡើង ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។

បើតាមឯកឧត្តម ស៊ុន ចាន់ថុល ការពិភាក្សាអំពីលទ្ធភាពបង្កើត Growth Lab នៅកម្ពុជានេះ គឺក្រោមកិច្ចសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា Growth Lab គឺជាមជ្ឈមណ្ឌលស្រាវជ្រាវឈានមុខ ដែលផ្តោតលើការវិភាគសេដ្ឋកិច្ចជាក់ស្តែង ដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រកំណើនប្រកបដោយភស្តុតាងវិទ្យាសាស្ត្រ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពធន់តាមរយៈការសិក្សាស្រាវជ្រាវ និងការអនុវត្តយុទ្ធសាស្ត្របែបវិទ្យាសាស្ត្រ។

គេហទំព័ររបស់ Growth Lab បានឱ្យដឹងថា Growth Lab មានទីតាំងនៅសាលា Harvard Kennedy និងដឹកនាំដោយ Ricardo Hausmann ហើយមជ្ឈមណ្ឌលនេះរួមបញ្ចូលគ្នានូវការស្រាវជ្រាវសិក្សាត្រួសត្រាយលើកត្តាកំណត់នៃកំណើន និងនិរន្តរភាពសង្គម នយោបាយ និងបរិស្ថាន៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល