គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ាប្រមាណជាង ៤០ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដើម្បីបំពេញចន្លោះប្រហោងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ការបង្ហាញចំណាប់អារម្មណ៍បែបនេះ គឺស្របពេលដែលឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចចំនួន ៤០ មកពីវិស័យចម្រុះ រួមមាន៖ ក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម។

នៅក្នុងជំនួបនេះ លោកបណ្ឌិត Soe Hein ដែលជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។

ចំណែកឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា និងបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងកំណែទម្រង់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច។
ឯកឧត្តម បានបន្ថែមថា កម្ពុជា គឺជាទីផ្សារបើកចំហ ហើយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តគាំទ្រវិនិយោគិនដែលត្រៀមខ្លួនប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនដែលអាចជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

បើតាមឯកឧត្តម ហែម វណ្ណឌី ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗ នៅតែជាបញ្ហាប្រឈមនៅឡើយ ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ មានសារសំខាន់ណាស់ ហើយក្រសួងលើកទឹកចិត្តវិនិយោគិនមីយ៉ាន់ម៉ា ឱ្យរួមចំណែកបំពេញចន្លោះប្រហោងទាំងនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកជូនគណៈប្រតិភូដែរថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិលើអាជីវកម្មរបស់ខ្លួន ១០០ភាគរយ ព្រមទាំងបានស្នើឱ្យវិនិយោគិនប្រើបណ្តាញត្រឹមត្រូវក្នុងការបង្កើតអាជីវកម្ម ជាជាងការពឹងផ្អែកតែលើសេវា ឬភ្នាក់ងារភាគីទីបី៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


