ទូតគុយបា អញ្ជើញសភាពាណិជ្ជកម្មកម្ពុជា រៀបចំបេសកកម្មធុរកិច្ចកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន  

ឯកអគ្គរដ្ឋទូតគុយបា អញ្ជើញសភាពាណិជ្ជកម្មកម្ពុជា រៀបចំបេសកកម្មធុរកិច្ចដឹកនាំធុរជនកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងដើម្បីស្វែងយល់ពីឱកាសនានានៅប្រទេសរបស់ខ្លួន។  

តាមដានជាមួយយើង៖ Million Times

ការអញ្ជើញបែបនេះ គឺនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបាប្រចាំ កម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យស្របទៅនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសគុយបា និងប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោកស្រី បានស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជា បន្ដទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មគុយបា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនានា ដែលអាចនាំមកនូវការរីកចម្រើនពាណិជ្ជកម្ម ក្នុងវិស័យផ្សេងៗដូចជា៖ វិស័យសុខាភិបាល អប់រំ និង កសិកម្ម ជាដើម។

បន្ថែមពីលើនេះទៀត លោកស្រីឯកអគ្គរដ្ឋទូត បានអញ្ជើញសភាពាណិជ្ជកម្មកម្ពុជារៀបចំបេសកកម្មធុរកិច្ចដឹកនាំធុរជនកម្ពុជាទៅកាន់ប្រទេសគុយបា ដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងដើម្បីស្វែងយល់ពី​ឱកាសដ៏សម្បូរបែបនៅគុយបា។​

ជាកិច្ចឆ្លើយតប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការទូតដ៏សកម្ម ​របស់លោកស្រីឯកអគ្គរដ្ឋទូតគុយបា។

ជាមួយគ្នានេះ ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងជំរុញឱ្យមានការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការពិនិត្យលទ្ធភាពរៀបចំដំណើរធុរកិច្ចទៅកាន់ប្រទេសគុយបា នាពេលសមស្របខាងមុខ និងបន្ដទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មគុយបា៕

អត្ថបទ៖ វីរៈ រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា