ឯកឧត្តម សាយ សំអាល់ ប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច “ក្រោល”

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច “ក្រោល” ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការមកតំបន់ភូមិភាគឦសានពេលនេះ មិនត្រឹមតែដើម្បីមកប្រគល់ប័ណ្ណសមូហភាព ជូនដល់បងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះទេ តែផ្ដោតសំខាន់លើ៖

១. សំដៅបិទបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។

២. បញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

៣. បង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ជារួមយើងបិទបញ្ចប់ភាពជាកង្វល់នៅក្នុងសង្គមជាតិរបស់យើង ទាក់ទិនទៅនឹងសុវត្ថិភាពនៃការកាប់អចលទ្រព្យរបស់បងប្អូនជនជាតិដើមភាគតិចកម្ពុជា។

បើតាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទទួលស្គាល់បងប្អូនជនជាតិដើមភាគតិចជាជនជាតិដើមភាគតិចប៉ុណ្ណោះទេ។ ប៉ុន្តែតែងតែគោរព លើកតម្កើងវប្បធម៌អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រួមទាំងការធ្វើសមាហរណកម្មទាំងសង្គម សេដ្ឋកិច្ច និងនយោបាយជូនដល់បងប្អូនជនជាតិដើមភាគតិច ព្រោះកម្ពុជា គឺជាសង្គមពហុវប្បធម៌ មិនមានការរើសអើង៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម សាយ សំអាល់