ក្រសួង អំពាវនាវពលរដ្ឋកាន់កាប់សំណង់មិនរៀបរយ ក្នុងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ចូលរួមសហការដោះស្រាយផលប៉ះពាល់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយ ក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាដោយផ្ទាល់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន។

តាមដានជាមួយយើង៖ Million Times

សេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករានេះ ដោយជម្រាបជូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា ៣ជំហាន គិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។

ក្រសួងរៀបចំដែនដី បានឱ្យដឹងបន្តថា គម្រោងអភិវឌ្ឍន៍នេះ មានគោលបំណងដើម្បីបង្កើនសមត្ថភាពផែកុងតឺន័រ ដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៦០.០០០ DWT (១៥.០០០ TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់ពិភពលោកដោយផ្ទាល់ និងគ្មានឧបសគ្គជម្រៅទឹកទៀតឡើយ។

កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលបានកាន់កាប់ដី និងផ្ទះ ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ រួចហើយ។

ទន្ទឹមនេះ ដើម្បីឱ្យផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី អាចដំណើរការទៅបានសម្រេចតាមផែនការដែលបានគ្រោងទុក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទីតាំងដីនេះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយក្រុមការងារខាងលើ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី