ក្រុមហ៊ុនចិនមួយ មានបំណងសម្លឹងមើលកម្ពុជាជាមូលដ្ឋាន សម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម។

ការបង្ហាញបំណងយ៉ាងដូច្នេះ ខណៈដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយលោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋខ្នាតធំចិន China National Chemical Engineering Group Corporation (CNCEC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើកាលានុវត្តភាពវិនិយោគនៅកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។

នៅជំនួបនេះ លោក Zhou Hong បានលើកឡើងពីសាវតា និងសក្តានុពលដ៏រឹងមាំរបស់ក្រុមហ៊ុន CNCEC-FCC ដែលជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមីឥន្ធនៈ (Petrochemical) កម្រិតខ្ពស់នៅលើសកលលោក។

ជាមួយគ្នានេះ លោកប្រធាន Zhou ក៏បានបញ្ជាក់ពីបំណងក្នុងការសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះ នៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មឧស្សាហកម្ម។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿចិត្តយ៉ាងមុតមាំរបស់វិនិយោគិនបរទេស មកលើបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងកិច្ចការងារសង្គម និងសន្តិសុខជាតិកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល


