ឆ្នាំ២០២៥ ទីផ្សារមូលបត្រកម្ពុជា នៅតែរក្សាបានការគាំទ្រ និងទំនុកចិត្តពីវិនិយោគិន

ទីផ្សារមូលបត្រកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅនេះ នៅតែរក្សាបាននូវស្ថេរភាព ការគាំទ្រ និងទំនុកចិត្តពីវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្ដី។​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ឆ្នាំ២០២៥ អាចចាត់ទុកថាជាឆ្នាំដ៏លំបាកមួយសម្រាប់ពិភពលោក ដែលនៅតែជួបបញ្ហាជាច្រើន ហើយប្រទេសកម្ពុជា ដោយសារតែការរងការរំលោភបំពានពីប្រទេសថៃ ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់ជាច្រើនទាំងផ្នែក សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ជាដើម។

ដោយឡែក ផ្សារមូលបត្រកម្ពុជា (ផមក) ក្នុងឆ្នាំ២០២៥ ហាក់មិនមានការប្រែប្រួលជាអវិជ្ជមានឡើយ ដោយបានបន្តរក្សាភាពធន់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះក្តី។ ផ្សារមូល បត្រកម្ពុជាសង្កេតឃើញថា ការបើកគណនីថ្មីមានការកើនឡើងជាលំដាប់ ហើយចំនួនវិនិយោគិនសកម្មនៅតែមានចំនួនច្រើននៅក្នុងទីផ្សារ ដែលនេះជាសញ្ញាបង្ហាញថា វិនិយោគិនមានការចាប់អារម្មណ៍ និងការគាំទ្រមកលើទីផ្សារមូលបត្រកម្ពុជា។ ចំនួនគណនីថ្មីសរុបក្នុងឆ្នាំ២០២៥មានចំនួន ១៤ ៥០៤គណនី កើនឡើង ១៣,៨% ធៀននឹងឆ្នាំ២០២៤។

ក្នុងឆ្នាំ ២០២៥ដដែល វិនិយោគិននៅតែបន្តជឿជាក់មកលើទីផ្សារ ដោយបន្តកាន់កាប់ និងវិនិយោគបន្ថែម ដែលធ្វើឱ្យទីផ្សាររក្សានូវស្ថេរភាពល្អ ដែលតម្លៃជួញដូរជាមធ្យមមានជាង ៤៣៥លានរៀលក្នុងមួយថ្ងៃ (ប្រមាណ ១០៨ពាន់ដុល្លារ) ដោយបន្តទទួលបានទំនុកចិត្តពីវិនិយោគិន សន្ទស្សន៍ ផមក បានកើនឡើងដល់ ៤២៣,០៦ពិន្ទុ ឬកើនឡើង ២,៥% ក្នុងឆ្នាំ២០២៥នេះ។

ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងបន្តថា ការវិនិយោគពីបរទេសហាក់មានការកើនឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥នេះ ពិសេសក្នុងខែធ្នូនេះ ការជួញដូរដោយវិនិយោគិនបរទេសមានរហូតដល់ ៤០,១៦%។ ក្នុងឆ្នាំ២០២៥នេះ វិនិយោគិនបរទេស បានទិញភាគហ៊ុនសរុបប្រមាណ ៥,៤២ លានភាគហ៊ុន និងបានលក់ចេញសរុបប្រមាណ ៥,៤៤ លានភាគហ៊ុនផងដែរ។ នេះបានបង្ហាញឱ្យ ឃើញថា វិនិយោគិនបរទេសមិនបានចាកចេញពីទីផ្សារកម្ពុជាទេ បើទោះបីជាស្ថានភាពទូទាំងសកលកំពុងជួបនូវបញ្ហាក្តី។

កាលពីឆ្នាំ២០២៥កន្លងទៅនេះដែរ ផ្សារមូលបត្រកម្ពុជា ក៏បានទទួលស្វាគមន៍នូវក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិថ្មីមួយផងដែរ គឺក្រុមហ៊ុន ពិកាសួ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ដែលត្រូវបានចុះបញ្ជី និងដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី១០ ខែធ្នូ និងក្លាយជាក្រុមហ៊ុនទី ១២ហើយ ដែលបានចុះបញ្ជីមូលបត្រកម្មសិទ្ធិ នៅផមក។ បើក្រឡេកមកមើលទីផ្សារមូលបត្របំណុលវិញ ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន ៤ ដែលបានប្រមូលទុនសរុបប្រមាណ ៣០៨ លានដុល្លារ ដោយរួមបញ្ចូលក្រុមហ៊ុន ដូនពេញ អាហ្វ្រិក ដែលបានប្រមូលទុននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ និងចុះបញ្ជីនៅក្នុងខែ មករា ឆ្នាំ២០២៦នេះ។ នេះគឺជាទំហំមួយដ៏ធំមួយ មិនធ្លាប់មាននៅផ្សារមូលបត្រកម្ពុជា ដែលបានបញ្ជាក់ពីលក្ខណៈពិសេសមួយរបស់ទីផ្សារមូលបត្រ ដែលជាប្រភពទុនមិនចេះរីង ស្ងួត។

ទាំងនេះបានសរបញ្ជាក់ឱ្យឃើញយ៉ាងប្រត្យក្សថា ផ្សារមូលបត្រកម្ពុជា ជានៅតែរក្សាបាននូវស្ថេរភាព ការគាំទ្រ និងទំនុកចិត្តពីវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការចូលរួមវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា មិនត្រឹមតែជាប្រភពចំណូលបន្ថែមសម្រាប់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែវាយគារចរួមចំណែកក្នុងការលើក ស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម