រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងជិត ២០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន ២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពី ការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ជំនួយឥតសំណងនេះ គឺដើម្បីអនុវត្តគម្រោងចំនួន ២ រួមមាន៖ ១. ទឹកប្រាក់ចំនួន១.៧០០.០០០.០០០យ៉េន (ប្រមាណ ១១.៣ លានដុល្លារ) សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣)។
២. ទឹកប្រាក់ចំនួន១.១៤២.០០០.០០០ យ៉េន (ប្រមាណ ៧.៦ លានដុល្លារ) សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី កំពង់ផែក្រុងព្រះសីហនុ។

បើតាមក្រសួងការបរទេសកម្ពុជា ជំនួយឥតសំណងនេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយជំរុញកំណើនប្រកបដោយចីរភាព។
ម្យ៉ាងទៀត ជំនួយឥតសំណងនេះ ក៏ជាសក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស


