ស្ថាប័នជំនាញ ជូនដំណឹងពីការផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់គម្រោងអភិវឌ្ឍ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃចន្ទនេះ បានជូនដំណឹងអំពីអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ដែលត្រូវបានផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់​គម្រោងបន្តទៀត។

តាមដានជាមួយយើង៖ Million Times

ការជូនដំណឹងបែបនេះ គឺបន្ទាប់ពីលោក ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ មានចំនួន ៥គម្រោង រួមមាន៖ ១. គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE, ២. គម្រោងអគារសហកម្មសិទ្ធិ (ខុនដូ) PRINCE GOLDEN BAY និង ៣. គម្រោងអគារ-សហកម្មសិទ្ធិ (ខុនដូ) មជ្ឈមណ្ឌល Prince Huan Yu, ៤. គម្រោងលំនៅឋាន (បុរី) Prince One Tropica និង ៥. គម្រោងលំនៅឋាន(បុរី) ភូមិសំរោង ត្រូវបានផ្អាកមិនឱ្យធ្វើប្រតិបត្តិការលក់ផ្ទះ/យូនីត (បន្ទប់ខុនដូ) របស់គម្រោងបន្តទៀតឡើយ។

និយ័តករអាជីវកម្មអចលនវត្ថុ បានឱ្យដឹងបន្តថា សម្រាប់អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ/យូនីតជាមួយគម្រោងខាងលើរួច ត្រូវបន្តអនុវត្តកាតព្វកិច្ច រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។

ចំណែកឡែកចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងខាងលើ ត្រូវបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ/យូនីត តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការជួយសម្របសម្រួលរវាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ស្ថាប័នជំនាញដដែល បានអំពាវនាវឱ្យអតិថិជនរបស់គម្រោងអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ខាងលើជ្រាបជាព័ត៌មាន និងចូលរួមសហការតាមការគួរ៕

អត្ថប​ទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម