អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលកំពុងដឹកនាំមុខជំនួញចម្រុះវិស័យ បានចំណាយថវិកាប្រមាណ ៥៦ម៉ឺនដុល្លារ ដើម្បីជួយស្ថាបនាផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ និងបង្គោលសូឡាបំភ្លឺសងខាងផ្លូវ ជូនប្រជាពលរដ្ឋនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ពិធីសម្ពោធផ្លូវនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរ សុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងតំបន់។

ផ្លូវបេតុងអាមេនេះមានប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបានបំពាក់បង្គោលសូឡាបំភ្លឺសងខាងផ្លូវចំនួន ៤០០ដើម ដែលជាផ្លូវចូលកំពង់ផែកោះស្តេច ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយចំណាយថវិកាចំនួន ៥៦ម៉ឺនដុល្លារ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ។

លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ និយាយដោយឡែក និងនិយាយជារួមគឺសាធារណជនទូទៅ ដោយបានទទួលសមិទ្ធផលថ្មីមួយទៀត ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុត នោះគឺផ្លូវបេតុងអាមេ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងបំពាក់បង្គោលសូឡាបំភ្លឺផ្លូវសងខាង នៅលើទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាតនេះ។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំណរគុណចំពោះអ្នកឧកញ៉ា សួរ វីរៈ ដែលជាអ្នកវិនិយោគមួយរូប ដ៏មានឥទ្ធិពលបានរួមចំណែកយ៉ាងច្រើន ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារជូនប្រជាជន ហើយអ្នកឧកញ៉ា ក៏បានយកចិត្តទុកដាក់វិនិយោគលើអាជីវកម្មមួយចំនួនធំនៅខេត្តកោះកុង ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ វិរៈ ប៊ុនថាំ


