អាជ្ញាធររាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យអាជីវករលក់ដូរលើដងផ្លូវ ជុំវិញផ្សារដើមគរចាស់ទៀតនោះទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រី បានឱ្យដឹងបន្តថា នៅថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញអាជីវករដែលលក់ដូរនៅជុំវិញបរិវេណផ្សារដើមគរចាស់ ទៅទស្សនាទីតាំងផ្សារដើមគរថ្មី ដើម្បីផ្លាស់ប្ដូរការប្រកបរបររកស៊ីរបស់ពួកគាត់នៅទីតាំងថ្មី។

នាឱកាសនោះដែរ អាជីវករមួយចំនួន ក៏បានចាប់ឆ្នោតទទួលតូបលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ហើយលោកស្រី ដោ សម្ផស្ស ក៏បានអំពាវនាវដល់អាជីវករផ្សេងទៀត ដែលមិនទាន់បានមកចាប់ឆ្នោត សូមរួសរាន់មកចាប់ ព្រោះក្រុមហ៊ុនផ្សារកំពុងផ្តល់អត្ថប្រយោជន៍សមរម្យជាច្រើន។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន។

បើតាមអាជ្ញាធររាជធានីភ្នំពេញ អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដើមគរថ្មី បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗ ដែលទទួលបានរួមមាន៖ ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល ២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល ៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

គូសបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ៕
អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ


