កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៩ ខែមករា ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ប្រទេសកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកតានតឹងក៏ដោយ។ ប៉ុន្តែ ប្រទេសកម្ពុជាមានគោលជំហរច្បាស់លាស់ ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមបានបន្ថែមថា កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ ដែលក្នុងនោះរួមមាន៖ អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម។
ជាមួយគ្នានេះ ប្រទេសកម្ពុជា ក៏បានបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ បង្កើតការងារបានជាង ៤៣ម៉ឺនកន្លែង។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៩ចំនុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រួមមានដោយសង្ខេបដូចជា៖ (១)ពង្រីកទីផ្សារនាំចេញដោយបន្តអនុវត្តអភិក្រម «រក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», (២)ឌីជីថលូបនីយកម្មសេវាសាធារណៈ, (៣)ពង្រឹងអភិបាលកិច្ច និងកិច្ចការពារអ្នកប្រើប្រាស់,(៤)លើកកម្ពស់ផលិតផលក្នុងស្រុក, (៥)ទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រនានា, (៦)ត្រៀមខ្លួនរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC), (៧)គាំទ្រសមត្ថភាពសហគ្រាសនាំចេញ ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs),(៨)អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងគ្រប់គ្រងសុវត្ថិភាពការលក់អនឡាញ, និង (៩)កាត់បន្ថយរបាំងពាណិជ្ជកម្ម និងចូលរួមឱ្យបានស្និទ្ធស្នាល ជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល


