គម្រោងកែលម្អច្រាំងស្ទឹងព្រែកត្នោត នាក្រុងតាខ្មៅ មានការរៀបចំជាផ្លូវថ្មើរជើង អាហារដ្ឋាន និងហាងកាហ្វេ ជាដើម

គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ស្ថិតក្នុងភូមិសាស្រ្ដក្រុងតាខ្មៅ ខេត្តកណ្តាល មានសួនសាធារណៈប្រវែង ៥៩០ម៉ែត្រ ដោយមានផ្លូវថ្មើរជើងដើរកម្សាន្ដ អាហារដ្ឋាន និងហាងកាហ្វេ ផងនោះ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៦ខាងមុខនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកណ្តាល។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងព្រែកត្នោត ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី៨ ខែមករា។  

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្ត​ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឱ្យសម្រេចរួចរាល់ជាស្ថាពរ តាមផែនការដែលបានគ្រោងទុក។

គួរឱ្យដឹងថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលនេះ មានសួនសាធារណៈប្រវែង ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ។ ក្នុងនោះបានរៀបចំជា ៣ថ្នាក់។

-ថ្នាក់ទី១ មានរៀបចំ៖ ផ្លូវថ្មើរជើងដើរកម្សាន្ដក្នុងសួន, ផ្លូវជិះកង់ និងរត់ហាត់ប្រាណ, សួនបៃតង់, ដាំបន្ថែមដើមឈើថ្មីតាមសួន, សួនកំសាន្តកុមារ, កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់, កន្លែងអង្គុយលំហែតាមសួន, អាហារដ្ឋាន (Food Court), អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ, ចំណតរថយន្តក្រុង, ចំណតរថយន្ត និងចំណតម៉ូតូ។

-ថ្នាក់ទី២ មានរៀបចំ៖ ជម្រាលសម្រាប់ជនពិការ, ផ្លូវដើរកំសាន្តថ្មើរជើង, ហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង, បន្ទប់ទឹកសាធារណៈ ២កន្លែង, សួនស្មៅ និងរុក្ខជាតិតូចៗ, ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង, ឆ័ត្រដែកដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម និងអំពូលភ្លើងបំភ្លឺតាមសួន។

-ថ្នាក់ទី៣ មានរៀបចំ៖ ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ, ផ្លូវដើរកម្សាន្ដថ្មើរជើង, សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក, បង្កាន់ដៃបេតុង និងដែក និងអំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង។

បើតាមរដ្ឋបាលខេត្តកណ្ដាល គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ស្ថិក្នុងភូមិសាស្រ្ដក្រុងតាខ្មៅនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ១០០ភាគរយ នៅចុងឆ្នាំ ២០២៦ខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល