ឧកញ៉ា ស្រី ចាន់ថន សម្រេចបង្កើតរោងចក្រដំឡើងម៉ូតូ ដោយសហការជាមួយអ្នកជំនាញម៉ាឡេស៊ី  

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក នឹងបង្កើតរោងចក្រដំឡើងម៉ូតូនៅកម្ពុជា ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅល្ងាចថ្ងៃទី៤ ខែមករានេះថា នេះជាពេលវេលាមួយដែលទាំងអស់គ្នា ត្រូវកសាងប្រទេសកម្ពុជាឱ្យកាន់តែខ្លាំង និងជួយប្រទេសជាតិទៅតាមចំណេះជំនាញរៀងខ្លួន។

លោកបន្តថា កត្តាទាំងនេះក៏បានជំរុញឱ្យលោក សម្រេចបង្កើតរោងចក្រដំឡើងម៉ូតូនៅលើ ទឹកដីកម្ពុជា ដោយសហការជាមួយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី ដើម្បីផលិតម៉ូតូដែលមានគុណភាពខ្ពស់ហើយមានតម្លៃសមរម្យ ដើម្បីឱ្យប្រជាជនកម្ពុជាបានប្រើប្រាស់នូវផលិតផលដែលមានគុណភាពខ្ពស់ ហើយផលិតដោយសារដៃកូនខ្មែរ។

ឧកញ៉ារូបនេះ បានបន្ថែមថា «មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយរោងចក្របើកដំណើរការរួចរាល់ក្រុមហ៊ុន និងឧបត្ថម្ភម៉ូតូចំនួន ១០០គ្រឿង ជូនដល់វីរកងទ័ព ដើម្បីបំពេញតម្រូវការការពារបូរណភាពទឹកដី»។

អគ្គនាយកក្រុមហ៊ុន Jet’s Group ឧកញ៉ា ស្រី ចាន់ថន សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ចូលរួមគាំទ្រនូវផលិតផលខ្មែរ ជាកម្លាំងញើសឈាមដែលកូនខ្មែរជាអ្នកបង្កើតឡើង។

ទោះបីជាបែបណាក៏ដោយ អ្នកជំនួញរូបនេះ មិនទាន់បញ្ជាក់ថា​ លោក នឹងចាប់ផ្ដើមបង្កើតរោងចក្រដំឡើងម៉ូតូនៅពេលណានោះទេ ហើយក៏មិនទាន់បញ្ជាក់អំពីទុនវិនិយោគចំនួនប៉ុន្មាន នៅឡើយដែរ។

គួរឱ្យដឹងថា នាដើមឆ្នាំ ២០២៦នេះ ឧកញ៉ា ស្រី ចាន់ថន បានទៅចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី ជាមួយអ្នកជំនាញផ្នែកឧស្សាហកម្មដំឡើងម៉ូតូ និងរថយន្ត ហើយលោកបានបង្ហើបថា នឹងមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឧកញ៉ា ស្រី ចាន់ថន