ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន ៥លានដើម ជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងឆ្នាំ ២០២៦នេះ

ក្នុងឆ្នាំ ២០២៦នេះ ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន ៥លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ខណៈឆ្នាំ ២០២៥កន្លងទៅនេះ ក្រសួង បានចែកចំនួនជាង ៣,៤លានដើមរួចមកហើយ។

តាមដានជាមួយយើង៖ Million Times

ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី៣ ខែមករានេះថា ក្នុងឆ្នាំ ២០២៥ ក្រសួង បានចែកជូនកូនឈើជាង ៣,៤លានដើម ក្នុងនោះកូនត្នោតចំនួន ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍។

បើតាមក្រសួងបរិស្ថាន កូនឈើដែលបានចែកជូនក្នុងឆ្នាំកន្លងទៅនេះ បានមកពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ រួមមាន៖ ខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគិរី និងថ្នាលរបស់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស។

សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ និងបង្កើនការបណ្តុះ និងចែកកូនឈើចំនួន ៣លាន ទៅ ៥លានដើម។ ក្នុងពេលបច្ចុប្បន្ន ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិ ដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែ រួមមានស្ពៃ ត្រកូន ត្រប់ ននោង ត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព។

​សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដើម្បីជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានទឹកដីពីសត្រូវ។

លើសពីនេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ត្រូវបានរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ការធានាការបណ្តុះ កូនឈើ និងការស្រោចស្រព ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូល សម្រាប់សហគមន៍មូលដ្ឋាន។

ក្នុងគម្រោងក្រសួងបរិស្ថាន នឹងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនសាធារណជន យកទៅដាំតាន់រដូវវស្សា នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ នៅឆ្នាំ២០២៦ ចំនួនចាប់ពី៥លានដើម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន